ភ្នំពេញ : រថយន្តដឹកធ្យូងមួយគ្រឿងធ្វើដំណើរលើផ្លូវ មុនីរ៉េតបានក្រឡាប់ផ្ងារជើង ដោយសារដឹកលើសចំណុះ បណ្ដាលឲ្យអ្នកបើកបរ និងព្រូរថយន្ត រងរបួសស្រាល ចំណែកកម្មករជិះលើបាវធ្យូង បាក់ជើង២នាក់កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវព្រះមុនីរ៉េត មុខសាលាប៊េលធី ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេកឆ្នូតស ពាក់ស្លាកលេខភ្នំពេញ 3A-3902 ។ រថយន្តបង្កដឹកធ្យូង អនាម័យចេញពីភូមិប្ញស្សី យកទៅតំបន់ទួលគោក ។ ចំណែកអ្នកបើកបរ និងអ្នករងរបួសទាំងអស់ មិនត្រូវបានស្គាល់ឈ្មោះទេ ។ក្រោយកើតហេតុ មន្ត្រីនគរ បាលមូលដ្ឋាន រួមជាមួយ ប្រជាការពារបានចុះអន្តរាគមន៍ ជួយសម្រួលចរាចរ កុំអោយមានការកកស្ទះ ចរាចរដល់អ្នកដំណើរ និងបានហៅម្ចាស់រថយន្ត មកសាងទំនិញ និងស្ទូចរថយន្តចេញពីផ្លូវភ្លាមៗផងដែរ ។ ចំណែកកម្មករ រងរបួសបាក់ជើងទាំង២នាក់ នេះ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យផងដែរ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនេះបានដឹកសំពីងសំពោង ដោយដាក់ទំនិញខ្ពស់ លើសចំណុះ ស្របផ្លូវព្រះមុនីរ៉េតនេះ កំពុងស្ថាបនា ហើយរថយន្តបានបើក ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ រថយន្តបើកបត់ទៅលិច ប្រុងឡើងតាមផ្លូវវេងស្រេង តែរថយន្តបានផុងកង់ផ្នែក ខាងក្រោយ បណ្តាលអោយក្រឡាប់ ហើយបាវធ្យូងក៏សង្កត់លើ កម្មករលីសែងដែលជិះលើបាវធ្យូងនោះ បាក់ជើងទាំង២នាក់ ដោយម្នាក់បាក់ជើងឆ្វេង និងម្នាក់បាក់ជើងស្តាំ ប៉ុន្តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះឡើយ ដោយគ្រាន់តែបាវធ្យូងខ្ទាត ទៅប៉ះរថយន្តកូរ៉ូឡាមួយគ្រឿង កំពុងចរាចរក្បែរ ហើយចរចាសងថ្លៃខូចខាត ចំនួន ១០០ដុល្លារ៕