កំពត៖ អ្នករកស៊ីដឹកទំនិញតាមច្រកទ្វារទ្វារអន្តរជាតិព្រែកចាកឥឡូវហាក់មានភាពថយចុះបន្តិចម្តងៗ បន្ទាប់ពីស្ថាប័ននានាដែលដាក់ស្នាក់ការនៅតំបន់នោះកៀបយកលុយច្រើនពេក ទើបបណ្តាលឲ្យក្រុមអ្នករកស៊ីដឹកឥវ៉ាន់ត្រូវបង្ខំចិត្ត ឈប់ដឹកឆ្លងដែនបន្តទៀតព្រោះតែរកប្រាក់ចំណេញមិនឃើញ។
បើតាមការខ្សឹបប្រាប់ឲ្យដឹងពីសំណាក់អ្នកដឹកទំនិញតាមមធ្យោបាយម៉ូតូរឺម៉កបានលើកឡើងថា ឥឡូវនេះមុខរបររកស៊ីទំនិញឆ្លងដែនតាមច្រកនេះមុននិងក្រោយនឹងត្រូវបញ្ចប់ដោយស្ងប់ស្ងាត់ ព្រោះពេលនេះស្ថាប័នមួយចំនួនពិសេសស្ថាប័នគយបានយកតម្លៃបង់ថ្លៃជើងរឺម៉ក១ទ្វេរជា២ទើបធ្វើឲ្យពួកគេដែលធ្លាប់ដឹកទំនិញមកពីប្រទេសវៀតណាមសុំដកថយមួយរយះសិន ចាំពេលណាគយគេព្រមបន្ធូរបន្ថយតម្លៃបង់ចូលហោប៉ៅ ទើបនាំគ្នាដឹកបន្តទៀត។គេបានបង្ហើបទៀតថានៅតំបន់ច្រកទ្វារនេះកន្លែងដែលគាបសង្កត់ទារលុយច្រើនហួសហេតុនោះមានអង្គភាពគយ និងប៉ូលិសច្រកទ្វារ ដែលមានលោកហាន សុផល ជាប្រធានច្រកនៅតំបន់នោះ ដោយមួយថ្ងៃៗ
អង្គុយចាំតែរាប់លុយដាក់ចូលហោប៉ៅយ៉ាងសប្បាយចិត្ត។
ទោះជាយ៉ាងណាច្រកទ្វារអន្តរជាតិព្រែកចាកដែលពីមុនធ្លាប់តែអ៊ូអរហើយមានមនុស្សចេញចូលសឹងរាប់មិនទាន់នោះ ក៏មិនសំដៅថាសុទ្ធតែអ្នករកស៊ីដឹកទំនិញទាំងស្រុងទេ ដោយពីមុនព្រោះតែមានកាស៊ីណូ៣ទៅ
៤កន្លែងបើកស្វាគមន៍ ទើបធ្វើឲ្យមនុស្សចេះតែចេញចូលឥតឈប់ឈរ ហើយអ្នកដឹកឥវ៉ាន់តាមរថយន្ត ឬម៉ូតូក៏មានព្រោងព្រាត់ងដែរ ប៉ុន្តែពេលនេះបែរជាស្ងាត់សូន្យហាក់ពុំសូវសំបូរអ្នករកស៊ីគឺមានតែអ្នករកទុកប៉ុណ្ណោះ គាប់ជួនស្ថាប័នគយដែលមានតួនាទីប្រមូលពន្ធកាន់តែរិតបន្តឹងផងនោះ ធ្វើឲ្យអ្នករកសីុផ្អាកដឹកជញ្ជូនទំនិញដូចមុនទៀតហើយ ស្រួលមិនស្រួលអាចឈប់រហូតក៏អាចថាបានដែរ។
ទាក់ទិននឹងករណីដែលធ្វើឲ្យច្រកទ្វារអន្តរជាតិបាត់បង់ប្រជាប្រិយនេះ អ្នកយកពត៌មានមិនអាចសុំការបំភ្លឺពីប្រធានស្នាក់ការច្រកទ្វារព្រែកចាកបានឡើយ។ដោយឡែកស្ថាប័នគយក៏មិនអាចសុំការពន្យល់ណាមួយបាននោះទេនៅរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៣នេះ៕ ព្រាបស
» ព័ត៌មានជាតិ » ច្រកទ្វារអន្តរជាតិព្រែកចាកកាន់តែស្ងប់ស្ងាត់មិនសូវមានទំនិញឆ្លងកាត់