ភ្នំពេញ៖ ស្ត្រីកម្មករសំណង់នៅខេត្តត្បូងឃ្មុំ កើតជំងឺ «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាង មកដល់ពេលនេះ ស្ថានភាព ជំងឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកាល ម៉ែតរយៈពេលប្រមាណ ១៤ថ្ងៃមកនេះ។
អ្នកស្រី ស្រេង ស្រីអាង អាយុប្រមាណជា ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានកើតជំងឺ ដែលអ្នកភូមិ ហៅថា «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាង ត្រឹមរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជាភ្លាមៗ ឲ្យទៅទទួល យកស្ត្រីរងគ្រោះពីខេត្តត្បូងឃ្មុំ មកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានធានារ៉ាប់រងរាល់ថ្លៃព្យាបាល ព្រមទាំងបានផ្តល់ថវិកា ៥លានបន្ថែមទៀត សម្រាប់ការចាយវាយរបស់ក្រុមគ្រួសារអំឡុងពេលស្ត្រីរងគ្រោះសម្រាកព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ឲ្យដឹងថា វាជារឿងសំណាងមួយ ដែលអ្នកស្រី ស្រេង ស្រីអាង ត្រូវបានបញ្ជូនមកព្យាបាលទាន់ពេលវេលា បើទុកបណ្តែតបណ្តោយឲ្យកាន់តែយូរទៀត អាចមានគ្រោះថ្នាក់ដល់ អាយុជីវិតជាក់ជាមិនខាន។
ក្រៅពីការជួយសង្គ្រោះពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយនោះ នៅមានសប្បុរសជនក្នុង និងក្រៅ ប្រទេស ដែលបានឃើញស្ថានភាពជំងឺរបស់ស្រី ស្រេង ស្រីអាង ហើយ កើតក្តីអាណិតអាសូរយ៉ាងខ្លាំង និងបាន ផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់។
អ្នកស្រី គង់ អំណត់ ម្ចាស់ហាងកែសម្ផស្ស «អូគីដេ» ស្ថិតនៅម្តុំប៉ុស្តិ៍សង្កាត់ជួយជម្នះ ខាងក្រោយព្រះបរមរាជវាំង រួមនិងមិត្តភក្តិ ក៏បានប្រមែប្រមូលថវិកាគ្នា បានប្រមាណ ៣៦៥ដុល្លារ យកទៅជូនស្ត្រីរងគ្រោះ ដើម្បីដោះស្រាយ នូវបញ្ហាខ្វះខាតក្នុងជីវភាព។
សម្បុរសជន ដែលឧបត្ថម្ភថវិកាដល់អ្នកស្រី ស្រេង ស្រីអាង រួមមាន៖ អ្នកស្រី អ៊ុក ចំប៉ា និង លោក ឈីវ ណូរ៉ា, លោក អៀវ ប៊ុនវ៉េង, អ្នកស្រី លឹម ចាន់ណារី, ម្ចាស់ហាងលក់ខោអាវដាដា, អ្នកស្រី ស៊ុម ស៊ីថា, លោក សឿង ណារិទ្ធ និងអ្នកស្រី ហៃ សុខឃីម, លោកវេជ្ជបណ្ឌិត សំ សាយ, អ្នកស្រី ហាក់ វីរ៉ែន, អ្នកស្រី ស៊ឹម សេដ្ឋា និងអ្នក ស្រី យូ សុខឃីម។
ថវិការបស់អ្នកស្រី គង់ អំណត់ និងសប្បុរសជន ត្រូវបានលោក គឹម ចន្ថា អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យកទៅប្រគល់ជូនដល់ដៃស្ត្រីរងគ្រោះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា កន្លងទៅនេះ។
អ្នកស្រី ស្រេង ស្រីអាង និងស្វាមី លោក សុខ ស្រ៊ៀង បានថ្លែងថា ពួកគាត់គ្មានអ្វីឆ្លើយតបទៅនឹងក្តីសណ្តោសប្រ ណី ដ៏ធំធេង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននោះទេ គឺមានតែម្រាមដៃដប់លើកឡើងប្រណមថ្លែងអំ ណរគុណ និងបួងសួរដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្បុរសជន ឲ្យបានជួបតែសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច៕