សៀមរាប ៖ ហេតុភ្ញាក់ផ្អើលមួយនៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលមកពីស្ត្រីវ័យ ក្មេងម្នាក់បានចង.កធ្វើអត្តឃាតយ៉ាងអាថ៌កំបាំង នៅចំណុចស្រែសំរោង ភូមិខ្វាវ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចទូរស័ព្ទរាយការណ៍ ជូនលោកអនុសេនីយ៍ទោហុក វ៉ាន់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំខ្វាវពីករណីដែលក្មេងស្រីចង.កនៅលើដើមឈើ។
ស្ត្រីជាម្តាយឈ្មោះ យុន វ៉ៃ បានប្រាប់ឲ្យដឹងថា កូនអ្នកស្រីឈ្មោះសៅ ទុន អាយុ១៧ឆ្នាំមិនដែលមានបញ្ហាអ្វីក្នុងគ្រួសារទេ។ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥វេលាម៉ោង៦ល្ងាច អ្នកស្រីត្រឡប់មកពីស្រែវិញដល់ផ្ទះតែពុំឃើញកូនស្រី អ្នកស្រីស្មានថាកូនទៅរកបន្លែមកធ្វើម្ហូបក៏នៅស្ងៀមទៅ។ លុះរហូតដល់ម៉ោង៧និង៣០នាទីយប់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៥ មិនឃើញកូនត្រឡប់មកផ្ទះ ទើបប្រាប់បងប្អូនដែលនៅជិតខាងឲ្យជួយដើររកខ្លាចកូនកើតខ្យល់ដួល នៅកន្លែងណា។
បងប្អូននិង អ្នកភូមិបាននាំគ្នាដើររក ពេញមួយយប់ តែរកពុំឃើញទេ រហូតដល់ម៉ោង៦,៣០នាទីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ កូនប្រុសអ្នកស្រីទៅដងទឹកអូរយកមកប្រើប្រាស់ ក៏ស្រាប់តែប្រទះឃើញបងស្រីរបស់ ខ្លួនចង.កនៅលើដើមឈើមាត់អូរ ទើបបានស្រែកឆោឡោហៅឪពុក ម្តាយ បងប្អូនជិតខាងឲ្យទៅជួយ តែអកុសលមនុស្សស្លាប់បាត់ទៅហើយ៕