មណ្ឌលគិរី៖ ចាប់ឃាត់រថយន្ដនៅវេលាម៉ោង4ទាបភ្លឺថ្ងៃទ29ឈានចូលថ្ងៃទី30ខែកក្កដាឆ្នាំ2015 បន្ទាប់ពីមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ទៅលើសារធាតុម្យ៉ាងដែលមន្ត្រីនគរបាលស្រុកកោះញែក បានឃាត់ សង្ស័យថាជាធាតុផ្សំសម្រាប់ធ្វើគ្រឿងបំផ្ទុះនោះ មកទល់និងពេលនេះនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះបានពិនិត្យរួច ហើយ ដោយសារធាតុទាំងអស់នោះ ជាគ្រឿងផ្សំដើម្បីបន្សុទ្ធមាសតែប៉ុណ្ណោះ មិនមែនជាគ្រឿងផ្សំធ្វើគ្រឿងបំផ្ទុះទេ នេះបើតាមការឲ្យដឹង ពីលោក ញែម វ៉ាននី ស្នងការនគរបាលខេត្តមណ្ឌលគិរី ។ លោក ញែម វ៉ាននី បានឲ្យដឹងទៀតថា សារធាតុទាំងអស់នោះគឺមាន៣ប្រភេទ ក្នុងនោះទី១ជាប្រភេទម្សៅពណ៌ស គេហៅ ម្សៅសូដា ទី២ជាប្រភេទម្សៅពណ៌ខ្មៅ គេហៅធ្យូងដូង ទី៣ជាប្រភេទសារធាតុម្យ៉ាងដែលសណ្ឋានដូចដុំថ្មតូច គេហៅជីងឆាន ។ លោកបន្តថា បច្ចុប្បន្នវត្ថុតាងទាំងអស់រួមទាំងមនុស្សចំនួន៧នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្នសិននៅស្នងការដ្ឋាននគរបាលខេត្ត រងចាំយោបល់ពីលោកព្រះរាជអាជ្ញា ថានិងនឹងត្រូវដូចម្ដេចចំពោះករណីនេះ ហើយចំពោះមនុស្ស៦នាក់ផ្សេងទៀតក្រៅពីជនជាតិចិន រូបនោះ ដែលជាម្ចាស់ឡាន តៃកុងឡាន ព្រូឡាន និងអ្នកបកប្រែ អាចនឹងមិនមានការជាប់ពាក់ព័ន្ធក្នុងករណីនេះឡើយ ដោយសារតែ ពួកគេគ្រាន់តែជាមនុស្សដែលជនជាតិចិននោះជួលតែប៉ុណ្ណោះ ។ លោកស្នងការបានបញ្ជាក់ទៀតថា ជនជាតិរូបនោះអាចនឹងមិនមានទោសទណ្ឌធ្ងន់ធ្ងរឡើយ ដោយរូបគេមានឯកសារឆ្លងដែនត្រឹមត្រូវ គ្រាន់តែទំនិញដែលគេដឹកជញ្ជូននោះគ្មានច្បាប់ទម្លាប់ ដូច្នេះចំពោះចំណាត់ការតាមផ្លូវច្បាប់ គឺអាចឲ្យគេបង់ពន្ធលើទំនិញទាំងនោះ ឲ្យបានត្រឹមត្រូវជូនរដ្ឋ ។ លោកបញ្ជាក់ទៀតថា ទាក់ទិនទៅនឹងចម្ងល់នានាដែលលើកឡើងថា ហេតុអ្វីទើបជនជាតិចិននោះដឹកទំនិញនោះយកមកទុកក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនដឹកយកទៅក្រុមហ៊ុនដែលនៅខេត្តព្រះវិហារតែម្ដង គឺដោយសារតែនេះ គឺជាវិធីសាស្ត្រក្នុងការធ្វើជំនួញរបស់គេ ដើម្បីរកផលចំណេញតែប៉ុណ្ណោះ ។ សូមរម្លឹកផងដែរថា កំលាំងនគរបាលស្រុកកោះញែក បានធ្វើការស្ទាក់ចាប់រថយន្តសាំងយ៉ុងពីរគ្រឿង ដែលរថយន្តទាំងពីគ្រឿងនោះត្រូវបានគេសង្ស័យថា ដឹកសារធាតុផ្សំសំរាប់ធ្វើគ្រឿងផ្ទុះប្រមាណជិត៧តោន ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង កាលពីម៉ោង ៣និង៤៥នាទីទៀ បភ្លឺ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចក្បែស្ពានអូរច្បារ ស្ថិតក្នុងភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងបានបញ្ជូនវត្ថុតាងអស់នោះ រួមនិងមនុស្ស៧នាក់ មកស្នងការដ្ឋាននគរបាលខេត្តនៅរសៀលថ្ងៃដដែលនោះ ដើម្បី ធ្វើការសាកសួរ និងពិសោធន៍បន្ថែមទៅលើសារធាតុនោះ ។ ហើយមនុស្សទាំង៧នាក់នោះ ទី១ឈ្មោះ ស៊ិវ ហ្វេ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ជាម្ចាស់ទំនិញ ទី២ឈ្មោះ សេង ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបកប្រែ ទី៣ឈ្មោះ តុង តាវ ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់រថយន្តទាំងពីរ ទី៤ឈ្មោះ ស៊ាន ជាង ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្ត ទី៥ឈ្មោះ ឆុន ឈៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្ត ទី៦ឈ្មោះ ជា ជាង ភេទប្រុស អាយុ២៨ឆ្នាំ ជាព្រូឡាន ទី៧ឈ្មោះ ហាក់ មករា ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រូឡាន ហើយអ្នកទាំង៦នាក់នេះជាជនជាតិខ្មែរ ។ ហើយបើតាមសម្ដីរបស់ម្ចាស់រថយន្តទាំងពីរគ្រឿង ដែលជនជាតិរូបនោះជួលដឹកទំនិញ គឺគេជួលក្នុងមួយឡាន៦០០ ដុល្លា ដោយប្រាប់ថាជាជី ៕ ដោយ៖ ឌឹម សឿន
» ព័ត៌មានជាតិ » សមត្ថកិច្ចនគរបាលស្រុកកោះញ៉ែកឃាត់រថយន្ដ2គ្រឿងបន្ទាប់ពីសង្ស័យថាដឹកសារធាតុគ្រឿងផ្សំរំសេវជាតិផ្ទុះ