រតនគិរី ៖ ជនរងគ្រោះពីរនាក់ម្ដាយកូន បានមកដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តរតនគិរី ចោទលោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកអូរយ៉ាដាវ និងបក្សពួកចំនួន៣នាក់ឃុបឃិតគ្នាលោមយកកូនស្រីគាត់ទៅឲ្យអធិការ រំលោភបានសម្រេច២លើក រួចគំរាមសម្លាប់ បើនាងហ៊ានប្រាប់គេ ពីករណីនេះ ជនរងគ្រោះពីរនាក់ម្ដាយកូនបានប្ដឹងទារជំងឺចិត្ត២ម៉ឺនដុល្លារ។
ករណីខាងលើនេះ ស្ត្រីជាម្តាយ និងកូនស្រីរងគ្រោះបានរៀបរាប់ដូចគ្នាថា គាត់ជាម្ដាយមានឈ្មោះ សេន ស៊ីលិក អាយុ៥៧ឆ្នាំ និងកូនស្រីឈ្មោះ ន ល ត អាយុ២១ឆ្នាំ មុខរបរដើរស៊ីឈ្នួលបេះម្រេច និងដកដំឡូង រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ផ្ទះទល់មុខអធិការដ្ឋានស្រុកអូរយ៉ាដាវ)។
បើតាមការរៀបរាប់ក្នុងពាក្យបណ្ដឹងរបស់ស្ត្រីពីរនាក់ម្តាយនិង កូនបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោងប្រហែលម៉ោង៨និង០០នាទីយប់ កូននាងខ្ញុំឈ្មោះ ន ល ត អាយុ២១ឆ្នាំ មានស្មារតីមិនពេញលក្ខណៈ បានដើរចេញពីផ្ទះដើម្បីរកទិញអីហូប ក៏ស្រាប់តែជួបឈ្មោះ ចរ ប៊ុនសៃ ហៅប៉ោយ ជាមន្ត្រីប៉ូលិសនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបបួលកូននាងខ្ញុំមករកហូបអីនៅភោជនីយដ្ឋានជំនោរាត្រី ដែលមានឈ្មោះ ចរ ប៊ុនសៃ ជាអ្នកជិតខាងស្គាល់គ្នា។ បន្ទាប់មកបាននាំកូននាងខ្ញុំ ដោយមិនដឹងថាឈ្មោះ ចរ ប៊ុនសៃ បាននាំឲ្យជួបលោកអធិការអូរយ៉ាដាវឈ្មោះ ជួប វណ្ណរក្ស នោះទេ។ ហើយឈ្មោះ ជួប វណ្ណរក្ស បានហៅអាហារ និងស្រាបៀអាន់ឆ័រចំនួន០៦កំប៉ុង ក្រោយមកឈ្មោះ ចរ ប៊ុនសៃ បានចាក់ស្រាបៀឲ្យកូននាងខ្ញុំផឹកអស់ចំនួន០២កំប៉ុង ធ្វើឲ្យកូននាងខ្ញុំបាត់បង់ស្មារតី នៅពេលនោះឈ្មោះ ជួប វណ្ណរក្ស បានលោមយកកូននាងខ្ញុំ ជិះរថយន្តម៉ាកហាយឡេឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ៨១៨០ ហើយបានបើកនាំកូននាងខ្ញុំចូលបន្ទប់ផ្ទះសំណាក់រតនៈជូលី នៅផ្សារស្រុកបរកែវ។
ពេលដែលកូននាងខ្ញុំបានដឹងខ្លួន ទើបដឹងថានៅផ្ទះសំណាក់ ពេលនោះឈ្មោះ ជួប វណ្ណរក្ស បានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើកូននាងខ្ញុំរហូតសម្រេច។ ក្រោយមកឈ្មោះ ជួប វណ្ណរក្ស បានដឹកកូននាងខ្ញុំត្រលប់មកផ្ទះមកវិញ។ ពេលមកដល់ជិតផ្ទះរៀបចុះពីលើរថយន្តឈ្មោះ ជួប វណ្ណរក្ស បាននិយាយប្រាប់កូននាងខ្ញុំថា ថ្ងៃក្រោយបើឃើញរថយន្តគាត់ឲ្យដើរចូលក្នុងបន្ទប់ធ្វើការទៅ។
ក្រោយមក ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១១និង១០នាទីយប់ ដោយសារតែកូននាងខ្ញុំខ្លាចអំណាចរបស់លោក ជួប វណ្ណរក្ស ជាអធិការស្រុកអូរយ៉ាដាវ កូននាងខ្ញុំ ក៏បានដើរចូលទៅកន្លែងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ពេលនោះលោក ជួប វណ្ណរក្ស បានលើកកាំភ្លើងប្រុងបាញ់កូននាងខ្ញុំឈ្មោះ រួចបានហៅកូននាងខ្ញុំចូលក្នុងបន្ទប់ធ្វើការរបស់គាត់ ហើយក៏បានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈកូននាងខ្ញុំនៅលើ ប៉ៅអ៊ីបានសម្រេចជាលើកទី២ ក្រោយរំលោភសេពសន្ថវៈរួច ក៏ប្រាប់ឲ្យកូននាងខ្ញុំត្រលប់ដើរទៅផ្ទះវិញ ដោយហុចលុយ៥០ដុល្លារអាមេរិក រួចក៏បានបង្ខំឲ្យកូននាងខ្ញុំទៅធ្វើការនៅហាងខារ៉ាអូខេសប្បាយៗនៅ ខេត្តស្ទឹងត្រែង។
បន្ទាប់មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៩និង៣០នាទីយប់ កូននាងខ្ញុំបានដើរចេញពីផ្ទះទៅកន្លែងអធិការនគរបាលស្រុកអូរយ៉ា ដាវតាមការបញ្ជារបស់លោក ជួប វណ្ណរក្ស ក៏បានជួបមន្ត្រីនគរបាល ឈ្មោះ ហាវ សុខហេន បានយកឈើបន្ទះក្ដារប្រវែងកន្លះម៉ែត្រ មកវាយកូននាងខ្ញុំចំកែងដៃខាងឆ្វេង ហើយឈ្មោះ ឃុត វិច្ច័យ បានឈរកាន់បន្ទះក្ដារដោយនិយាយគំរាមវាយបំបាក់ចោលឥឡូវ និងឈ្មោះ ចរ ប៊ុនសៃ បានគំរាមបាញ់សម្លាប់កូននាងខ្ញុំ បច្ចុប្បន្នកូននាងខ្ញុំឈ្មោះនាង ន ល ត មានសុខភាពទ្រុឌទ្រោម និងមានជំងឺដោយសារការភ័យខ្លាច។
ក្នុងរឿងចោទប្រកាន់ខាងលើត្រូវបានលោក ជួប វណ្ណរក្ស អធិការស្រុកអូរយ៉ាដាវបានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី៥រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ថា ក្នុងករណីនេះដោយមានការញុះញង់ និងមានមនុស្សនៅពីក្រោយខ្នង ចង់ដណ្ដើមអំណាចរបស់គាត់។ ស្ត្រីរងគ្រោះគាត់គ្មានចេតនាទៅរំលោភដូចការចោទប្រកាន់នោះទេ ព្រោះក្មេងស្រីនេះដើរលេងពេលយប់ ដេកតាមផ្លូវដូចមនុស្សញៀនថ្នាំ។ ចំណែកគាត់ជាអ្នកមានមុខមាត់ និងជាមន្ត្រីរាជការផងមិនអាចប្រព្រឹត្តិដូចពាក្យចោទប្រកាន់នោះ ឡើយ។
លោក ងួន គឿន ស្នងការនគរបាលខេត្តបានឲ្យដឹងថា រឿងខាងលើពិតជាមានមែន កម្លាំងស្នងការធ្វើតាមដានស្រាវជ្រាវរឿងករណីខាងលើនេះ៕