ភ្នំពេញ ៖ គេបានឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១៨និង២០នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
យុវជនពីរនាក់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនបន្ទាប់ពីគេបានឃើញពួកគេលបលួចចូលក្នុងផ្ទះគេ ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ ពេលចាប់បានទើបដឹងថា ក្រុមគេជាចោរដើរលួចគេប្រាកដមែន ព្រោះរកឃើញម៉ូតូដែលគេជិះធ្វើសកម្មភាពនោះ ពួកគេទើបតែលួចបានថ្មីៗ។
ជនសង្ស័យមានឈ្មោះ នួន នឿន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ នី យ៉ាណេត ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនិងមានស្រុកកំណើតនៅភូមិដូនឈើ ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ។ ម្ចាស់ផ្ទះមានឈ្មោះសំ សុភក្ដិ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរលក់ដូររស់នៅកន្លែងកើតហេតុខាងលើ។
កន្លងមកនៅក្នុងផ្ទះជួលខាងលើនេះ ធ្លាប់មានអ្នកជួលផ្ទះបាត់ម៉ូតូមួយគ្រឿងដែរ តាមរកមិនឃើញទេ រហូតមកដល់ថ្ងៃកើតហេតុនេះ មានគេបានឃើញជនសង្ស័យលបចូលក្នុងផ្ទះជួលខាងលើនេះ ដែលលើកមុនក៏គេធ្លាប់បានឃើញម្ដងដែរ គេមិនចាប់អារម្មណ៍ព្រោះគេស្មានថាជាបងប្អូនរបស់អ្នកជួលផ្ទះមកលេង ដោយសារមានការសង្ស័យពេលឃាត់សួរនាំទើបដឹងថា ពួកគេជាជនសង្ស័យករណីដើរគាស់ផ្ទះគេ។ មិនតែប៉ុណ្ណោះមធ្យោបាយដែលគេជិះធ្វើសកម្មភាពនោះ គឺក្រុមគេទើបតែលួចបានថ្មីៗនេះនៅក្នុងភូមិឫស្សីដែលម៉ូតូនេះ ត្រូវបានគេដោះស្លាកលេខអស់ដោយសារតែមានរឿងបែបនេះ គេបានបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យវិញព្រោះគេបានលួច ម៉ូតូបាននៅទីនោះ ឯករណីនៅសង្កាត់កាកាបនេះ មិនទាន់លួចអីបានទេ៕