ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ដែលតែងតែគាស់បន្ទប់ជួលរបស់កម្មករ- កម្មការិនីរោងចក្រចូលលួចយកទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ខណៈកំពុងចូលលួចទូរស័ព្ទដៃនៅក្នុងបន្ទប់ជួល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី៣០ កក្កដា ២០១៥ នៅចំណុចខាងលិចផ្សារកាណាឌីយ៉ា តាមផ្លូវបេតុង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ សំ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំត្រពាំងខ្លឹង ។
ជនសង្ស័យជាមុខសញ្ញាចាស់ ដែលធ្លាប់ត្រូវចាប់ខ្លួនបាន៣ដងមកហើយ ។ ជនសង្ស័យរូបនេះតែងតែដើរគាស់បន្ទប់ និងចូលលួចទូរស័ព្ទ និងសម្ភារនៅក្នុងបន្ទប់ជួលរបស់កម្មករ-កម្មការិនី តែថ្ងៃនេះពេលចូលលួចទូរស័ព្ទដៃក៏ត្រូវគេប្រទះឃើញ និងដេញចាប់បានវាយរហូតទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ ៕