ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ កើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មនុស្ស២នាក់ ទទួលរងរបួសធ្ងន់ និងស្រាល ដោយករណីគ្រោះថ្នាក់ចរាចរ រថយន្តដឹកថ្មបើកបុកម៉ូតូរ៉ឺម៉កដឹកធ្យូង ជន រងគ្រោះទាំងនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ។
មុនពេលកើតហេតុ ពួកគាត់បានឃើញជនរងគ្រោះបើកម៉ូតូ រ៉ឺម៉កដឹកធ្យូង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកថ្ម មួយគ្រឿង ម៉ាក FUSO ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4415 បើកបរមកពីខាងក្រោយ ស្របទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យក្រឡាប់រ៉ឺម៉ក ចាក់ធ្យូងចោលពេញផ្លូវ ចំណែក អ្នកបើកម៉ូតូរ៉ឺម៉កដឹកធ្យូងនោះទទួលរងរបួសធ្ងន់ រីឯអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ហៅរថយន្តសាមុយ ដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅភ្លាមៗ។ រថយន្តរង ការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ចំណែកម៉ូតូរ៉ឺម៉កដឹកធ្យូងនោះ រងការខូចខាតផ្នែកខាងក្រោយ។
ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ សំ ភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) និងទី២ឈ្មោះ យូ រ៉ាវង្ស ភេទប្រុស អាយុ២២ឆ្នាំ (រងរបួស្រាល) អ្នកទាំង២នាក់ រស់នៅភូមិកំពង់ថ្ម ឃុំឃ្លាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចប្រាប់បន្តទៀតឲ្យដឹងថា បន្ទាប់ពីធ្វើវាស់វែងរួចរាល់ រថយន្តបង្កហេតុ និងរ៉ឺម៉កម៉ូតដឹកធ្យូងរបស់ជនរងគ្រោះ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមច្បាប់ពេលក្រោយ៕