ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស៩នាក់ បានស្លាប់ ៩នាក់រងរបួសធ្ងន់ និង១៣នាក់រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា សរុបចំនួន ១៣លើក (យប់៨លើក) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦គ្រឿង, រថយន្តធុនតូច ៥គ្រឿង និងថ្មើរជើង ៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៣លើក,មិនគោរពសិទ្ធ ១លើក, ប្រជែងគ្រោះថ្នាក់ ២លើក, បត់គ្រោះថ្នាក់ ៣លើក និងថយរថយន្តកិនក្មេង ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ២៣នាក់ (យប់ ២នាក់) ។
លើសពីនេះ នៅថ្ងៃម្សិលមិញ រថយន្តពិន័យសរុបចំនួន ៥៩១គ្រឿង (រថយន្តធំ ១៨៥គ្រឿង) ស្មើនឹង ៥៩១ករណី ល្មើសក្រដាសស្នាមមាន ៣៥៧គ្រឿង ស្មើនឹង ៣៥៧ករណី, ចំពោះករណីល្មើសបច្ចេកទេស ២៣៤គ្រឿង ស្មើនឹង ២៣៤ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.០៩៩គ្រឿង ។
បញ្ជាក់បន្ថែមថារយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែកក្កដានេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សរុប២៤នាក់ និងរងរបួស៦០នាក់ ៕
» ព័ត៌មានជាតិ » ស្លាប់៩នាក់ រងរបួសធ្ងន់ ស្រាល ២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥