ភ្នំពេញ ៖ នារីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមនឹងវត្ថុតាង បន្ទាប់ពីនាងផ្ទុះភ្លើងប្រច័ណ្ឌឆេះដុំយកកន្ត្រៃចាក់ប្ដី៤កន្ត្រៃរងរបួស ខណៈកំពុងជិះម៉ូតូឌុបគ្នានៅតាមបណ្ដោយផ្លូវទៅស្ពានលីយ៉ុងផាត់ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ សមត្ថកិច្ចបានឱ្យដឹងថា នារីសង្ស័យឈ្មោះ ហ៊ន ម៉ាល័យ ហៅស្រីមុំ អាយុ៣៦ឆ្នាំ រីឯបុរសរងគ្រោះឈ្មោះ ម៉េត អយ ហៅវិដ អាយុ២៨ឆ្នាំ ទាំង២នាក់រស់នៅផ្ទះជួលនៅខណ្ឌពោធិសែនជ័យ មុខរបរលក់ខោអាវ។
សមត្ថកិច្ចបានបន្តថា ២នាក់ប្តីប្រពន្ធនេះមិនបានរៀបការទេ គឺគេស្រលាញ់គ្នា ហើយបាននាំគ្នាទៅសែនព្រេននៅស្រុកកំណើតនាងនៅឯខេត្តព្រៃវែង។ តាំងពីសែនព្រេនរួចហើយ ២នាក់ប្តីប្រពន្ធតែងតែមានរឿងរកាំរកូសឈ្លោះគ្នាមិនសូវលោះថ្ងៃទេ ដោយប្តីចោទប្រពន្ធចេះតែលេងល្បែងស៊ីសង មិនសល់លុយនោះទេ ប៉ុន្តែប្រពន្ធចោទប្តីថាមានស្រីថ្មី មិនខំរកស៊ីទេ។
ប្រភពបន្តទៀតថា ពេលកើតហេតុប្តីប្រពន្ធនេះឈ្លោះគ្នាហើយ ចាក់ប្តីម្ដងរួចហើយនៅថ្ងៃកើតហេតុ ទាំង២នាក់បាននាំគ្នាទៅលែងលះគ្នានៅស្រុក ដោយបានឈ្លោះគ្នាតាមផ្លូវរហូត ទើបឈានដល់ចាក់នៅតាមផ្លូវ ពេលនោះជនរងគ្រោះលោតធ្លាក់ពីលើម៉ូតូ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យតែម្ដង៕