ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ រីឯ៣ នាក់ផ្សេង ទៀត រងរបួសធ្ងន់ ស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពី ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្នុងតំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា កាលពីម៉ោងប្រមាណ ជា២និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ត្រង់ ចំនុចទឹកខួប តាមបណ្តោយផ្លូវជាតិ លេខ៧៦ ស្ថិតក្នុង ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គេបានឃើញរថយន្តខាងលើ បោះពួយយ៉ាងលឿនក្នុងទិសដៅពីភ្នំពេញ ទៅទីរួមខេត្តមណ្ឌលគិរី។ លុះមកដល់ចំនុចកើតហេតុ ផ្លូវមានស្ថានភាពកោងខ្លាំង ហើយទំនងតៃកុង ងងុយដេក ស្រាប់តែរថយន្តរេចង្កូត ធ្លាក់ទៅជ្រលងភ្នំខាងឆ្វេងដៃ ទាំងកំរោល ក្រឡាប់ជាច្រើនត្រឡប់តែម្តង។ អ្នកស្លាប់មានឈ្មោះហ៊ុយ វាន់ ស៊ុង ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម។ ចំណែកអ្នករងរបូសមានបីនាក់ ទី១ឈ្មោះលី សុកនី ប្រុស អាយុ៤០ឆ្នាំជាតៃកុង ជនជាតិខ្មែរ ទី២ឈ្មោះម៉ង គង់ ទី៣ឈ្មោះយឹង ជន ជាតិវៀតណាម។ រថយន្តក្រឡាប់ខាងលើម៉ាក នីសាន់ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2X 8349 ៕