ភ្នំពេញ ៖ តាមគម្រោង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ទូច គង្គា នាយកគ្រប់គ្រងកាសែតនគរវត្ត និងជានាយការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្ដឹងមិនសុខចិត្តនឹង សាលដីកាសាលាឧទ្ធរណ៍ ដែលសម្រេចឱ្យលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល រួចផុតពីបទ ”ប៉ះពាល់ដល់ការឆ្លងឆ្លើយតាមលិខិត”។ ស្របពេលជាមួយគ្នានេះ លោក សយ សុភាព បានដាក់ពាក្យសុំពន្យារពេលសវនាការទៅថ្ងៃក្រោយ ហើយតុលាការកំពូលបានទទួលរួចហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។ មូលហេតុនៃការសុំពន្យារពេលនេះ គឺលោក សយ សុភាព មិនបានដាក់សារណាតបនឹងបណ្ដឹងសារទុក្ខ ដោយហេតុថា លោកចៅក្រមរបាយការណ៍មិនបានចេញដីកាបង្គាប់ឱ្យដាក់សារណាតបនឹង បណ្ដឹងសារទុក្ខនោះ និយាយរួម នៅក្នុងដំណើរការ នីតិវិធី នៅតុលាការកំពូល គឺលោកពុំដែលបានទទួលឯកសារ ឬព័ត៌មានអ្វីទាំងអស់ពីតុលាការ។
សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺឱ្យលោក សយ សុភាព រួចផុតពីការចោទប្រកាន់។ មិនសុខចិត្តនឹងការសម្រេចនេះលោក ទូច គង្គា បានប្តឹងឧទ្ធរណ៍។
ចៅក្រមសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ធ្លាប់ថ្លែងថា លោក សយ សុភាព ត្រូវបានប្ដឹងដោយលោក ទូច គង្គា ពីបទ«លួចមើលលិខិតឆ្លើយឆ្លងសម្ងាត់ រវាងលោក ទូច គង្គា និងលោកឧកញ៉ា លឹម ប៉ុនហេង តាមសារអេឡិចត្រូនិក» ទាក់ទងនឹងការផ្ទេរវិទ្យុ FM នៅក្នុងខេត្តបាត់ដំបង របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ២០១១។
លោកចៅក្រមបន្តថា នៅក្នុងសំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២កន្លងមកបានសម្រេចកាត់សេចក្ដីឲ្យលោក សយ សុភាព ឈ្នះលោក ទូច គង្គា ដោយសម្រេចឱ្យលោក សយ សុភាព បានផុតពីបទចោទប្រកាន់៕