ភ្នំពេញ ៖ បុរសអាយុប្រមាណជាង២០ឆ្នាំម្នាក់ មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តជិះម៉ូតូមកលោតទឹក លើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតកាលពីវេលាម៉ោង១នឹង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមការឲ្យដឹងពីមិត្តភក្ត្រឈ្មោះ ណូ រ៉ា ថា ជនរងគ្រោះមានឈ្មោះ ស៊ុន ចាន់នរា អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពបន្តទៀតថា ក្នុងរយៈពេល៣ទៅ៤ថ្ងៃនេះ គឺពួកគេបាននៅជាមួយគ្នារហូត ដោយជនរងគ្រោះបាន និយាយថា ខ្លួនពិបាកចិត្តខ្លាំងណាស់ ដោយសារតែភរិយារបស់ខ្លួនផិតក្បត់ ដោយគេតែងតែផឹកស៊ីស្រវឹងជារៀងរាល់ថ្ងៃ។ ហើយនៅថ្ងៃកើតហេតុគេទាំង២ក៏បាននៅជាមួយគ្នាដូចសពដង តែខណៈខ្លួនបានចូលទៅក្នុងផ្ទះងូតទឹក មួយសន្ទុះក្រោយមកជនរងគ្រោះបានខលនិយាយថា គេមកលោតទឹកពីលើ ស្ពានជ្រោយចង្វារហើយ ( និងបានផ្តាំថា ឱ្យជួយមើលកូនប្រពន្ធរបស់គេផង ) ភ្លាមនោះទូរស័ព្ទរបស់ជនរងគ្រោះក៏ខលលែងចូល ទើបរូបគេប្រញាប់មកមើលលើស្ពានជ្រោយចង្វារ ក៏ស្រាប់តែមានការចោមរោមមើលថា មានអ្នកលោតពីលើស្ពានសម្លាប់ខ្លួន ដោយបន្សល់ទុកតែម៉ូតូប៉ុណ្ណោះ។
សមត្ថកិច្ចដែលយាមស្ពានបានប្រាបឱ្យដឹងថា គាត់បានឃើញបុរសខាងលើជិះម៉ូតូ អែរប្លេកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CL-3535 ជិះឡើងមកលើស្ពានយឺតៗ រួចក៏បានឈប់ម៉ូតូ និងបានមើលឆ្វេងស្តាំ រួចក៏លោតចុះពីលើស្ពានតែម្តង។
សមត្ថកិច្ចបន្តទៀតថា ម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក រង់ចាំ សាច់ញាតិក្រុម គ្រួសារមកទទួល ចំណែកជនរងគ្រោះរង់ចាំស្វែងរកដោយសារតែទឹកទន្លេហូរខ្លាំងរង់ចាំសពអណ្ដែត៕