កំពង់ឆ្នាំង៖ សមត្ថកិច្ចពីកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ជាប់ក្នុងរថយន្ត ជាអ្នកបើកបរមានឈ្មោះ សាន្ត សុឃន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្បូវរីក ឃុំលាជ ស្រុកក្រវាញ ខេត្តពោធិសាត់ រីឯជនរង គ្រោះរបួសធ្ងន់ ជាអ្នកបើកគោយន្ត មានឈ្មោះ សាង សុពិត អាយុ ២៨ឆ្នាំ ភេទប្រុស រស់នៅភូមិសន្លង់ ឃុំ
ត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
យ៉ាងហោចណាស់មានមនុស្សម្នាក់ បានស្លាប់ជាប់ នៅក្នុងរថយន្ត និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកាមរីហើមស៊េរី ឆ្នាំ១៩៩២ ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-3271 បុកគោយន្តកន្ត្រៃពីក្រោយ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ១២៩ និងលេខ១៣០ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានផ្សេងមួយទៀត បានអោយដឹងថា រថយន្តក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺជារថយន្ត សម្រាប់បិទ គូទកាងរថយន្ត ក្នុងសកម្មភាពដឹកឈើគ្រញូង ចេញពីទឹកដីខេត្តពោធិសាត់ ឆ្ពោះទៅកាន់ ខេត្តកំពង់ចាម និងឆ្លងដែន លក់អោយឈ្មួញវៀតណាម ប៉ុន្តែសំណាងអាក្រក់ មកដល់កន្លែងកើតហេតុ ក៏បានបុកគោយន្តកន្ត្រៃ ដឹកអុសពី ក្រោយពេញមួយទំហឹងតែម្តង៕