សៀមរាប ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យ ដឹងថា គាត់បានឃើញរថយន្តដឹកដី មិនដឹងថាប៉ុន្មានគ្រឿងទេ កំពុងធ្វើសកម្មភាពដឹកជញ្ជូនដីចេញពីតំបន់ព្រៃការពារជម្រកត្រីពង កូន ក្នុងតំបន់មាត់បឹងទន្លេសាប ជិតភ្នំក្រោម-ចុងឃ្នៀស សង្កាត់/ក្រុងសៀមរាប ដែលក្នុងសកម្មភាពនោះគេឃើញមានគ្រឿងចក្រកាយដីធុនអេស្កាវ៉ាទ័រមួយ គ្រឿងទៀត ផងដែរ។
ការមិនបញ្ចេញឈ្មោះ ឬចង់ដឹងថា អ្នកណាជាអ្នករាយការណ៍នោះ គឺវាមិនសំខាន់ទេនៅពេលនេះ តែអ្វីដែលសំខាន់នោះ ថាតើវាមានសកម្មភាពបំផ្លិចបំផ្លាញតំបន់ព្រៃការពារជម្រកត្រីពង- កូន ដូចសេចក្ដីរាយការណ៍នេះមែនឬអត់? អ្នករាយការណ៍នោះបានបញ្ជាក់ដែរថា គាត់មិនប្រាប់ឈ្មោះ ក៏ដូចជាប្រាប់ដែរ ព្រោះសេចក្ដីរាយការណ៍នេះធ្វើឡើងតាមទូរស័ព្ទ។
មេខ្លោងធ្វើសកម្មភាពបំផ្លិចបំផ្លាញតំបន់ព្រៃការពារជម្រកត្រីពងកូន នោះ គឺមានឈ្មោះ អូន មុន្នី ហើយទីតាំងធ្វើសកម្មភាពនោះ បើយើងធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅកំពង់ផែទេសចរណ៍ចុងឃ្នៀស គឺជិតដល់ភ្នំក្រោម ក្រឡេកមើលទៅខាងឆ្វេងដៃ គេនឹងឃើញសកម្មភាពនោះហើយ វាមិនមែនជាសកម្មភាពលាក់បាំងនោះទេ គឺបើកចំហយ៉ាងពេញទំហឹងតែម្ដង៕