ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដានេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំរបស់ខ្លួនលើកទី៧ នីតិកាលទី៣ ដោយមានកូរ៉ុមចំនួន៤៤រូប ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភា នៃគណបក្សសមរង្ស៊ី បានធ្វើពហិការមិនចូលរួមប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ទោះជាយ៉ាងណា ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាង ច្បាប់នេះដែរ តាមសំឡេងគ្រប់គ្រាន់។
របៀបវារៈសម័យប្រជុំ នៅថ្ងៃនេះ មានចំនួន២គឺ៖
១.ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
២.ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល នេះមានចំនួន ៩ ជំពូក និង ៣៩ មាត្រា ដែលត្រូវបានសភាជាតិ យកទៅពិភាក្សា និងអនុម័ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ រួចហើយ ដោយមានសម្លេងគាំទ្រ ចំនួន ៦៨ សំឡេង ដោយ ក្រុមសមាជិកសភា នៃគណបក្សសង្គ្រោះជាតិ ធ្វើពហិការ មិនចូលរួមពិភាក្សាសេចក្តីព្រាង ច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល នេះទេ។
នៅក្នុងសម័យប្រជុំ នៅថ្ងៃនេះដែរ សមាជិកព្រឹទ្ធសភា បានផ្តល់យោបល់ថា ត្រូវតែមានច្បាប់ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល ពីព្រោះនៅក្នុងគោលការណ៍នីតិរដ្ឋ និងគោរពរដ្ឋធម្មនុញ្ញ ចែងអំពីសិទ្ធិសេរីភាព នៃការចូលរួមបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល និងសេរីភាពបញ្ចេញមតិ និងសេរីភាពចូលរួម ក្នុងសកម្មភាពនយោបាយ។
ទោះបីជាសមាជិកព្រឹទ្ធសភា នៃគណបក្សសមរង្ស៊ី មិនចូលរួមប្រជុំ ក៏ពុំមានឧបសគ្គ នៅក្នុងការប្រជុំពិភាក្សា និងការផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាលឡើយ គឺព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់ សមាគម និងអង្គកាមិនមែនរដ្ឋាភិបាល នេះដែរ។
នៅកម្ពុជា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួនជិត ៤.០០០ និងអង្គការសមាគអន្តរជាតិ ចំនួនជិត ៤០០ ដែលបានចុះបញ្ជី នៅក្រសួងការបរទេស។ បន្ទាប់ពីច្បាប់នេះ ចូលជាធរមានគឺ សមាគមនិងអង្គកាមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជី នៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេសរួចហើយនោះ មិនតម្រូវឲ្យសុំចុះបញ្ជីកាទៀតឡើយ គឺច្បាប់នោះ អនុញ្ញាតឲ្យចុះបញ្ជីជាស័យ្វប្រវត្តិតែម្តង។
នៅថ្ងៃនេះដែរ មានក្រុមមេដឹកនាំនៃ សមាគមនិងអង្គកាមិនមែនរដ្ឋាភិបាល រាប់រយនាក់ រួមទាំងព្រះសង្ឃផងនោះ មកប្រមូលផ្តុំគ្នា នៅខាងមុខវិមានព្រឹទ្ធសភា តវ៉ាសុំឲ្យព្រឹទ្ធសភា ច្រានចោលកុំពិនិត្យ និងកុំពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល ដែលក្រុមនោះ យល់ថា ជាការរឹតត្បិតសេរីភាព បញ្ចេញមតិ សេរីភាព និងការជួបជុំ នៃការបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល។ល៕