កំពង់ស្ពឺ៖ រឿងរ៉ាវប្រកាន់ទំនៀមទម្លាប់របស់ញាតិមិត្តបងប្អូនបានធ្វើឲ្យកំលោះ ក្រមុំ មួយគូដែលបានភ្ជាប់ពាក្យរួចទៅហើយនោះត្រូវបានផ្តាច់ទៅវិញ ព្រោះតែកូនក្រមុំជិះរថយន្តទៅលេងជីដូនខាងកូនកម្លោះ មុនថ្ងៃរៀបការដែលប្រការនេះធ្វើឲ្យសាច់ញាតិខាងស្រីខឹងសម្បារ យ៉ាងខ្លាំងរហូតឈានដល់ផ្តាច់ពាក្យនឹងគ្នា ។
កូនក្រមុំត្រូវបានស្គាល់ ឈ្មោះ ឆ សម អាយុ១៩ឆ្នាំ កូនកំលោះឈ្មោះ ផ ផន អាយុ៣០ឆ្នាំ ។
លោក ជា វណ្ណា ឪពុករបស់កូនកំលោះបានរៀបរាប់ថា រឿងកូនចៅស្រឡាញ់គ្នា លោកមិនបំបែកបំបាក់នោះទេ ព្រោះជាសិទ្ឋិរបស់កូន ។ ក្នុងនាមលោកជាឪពុក ម្តាយ គឺធ្វើអ្វីចង់អោយកូនមានសេចក្តីសុខក្នុងគ្រួសារ។
លោកបានបន្តថាកូនរបស់លោកបានភ្ជាប់ពាក្យនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ នៅឯខេត្តកំពង់ចាម ដោយមានចាស់ទុំទាំងសងខាងចូលរួម និងដឹងឮយ៉ាងច្រើនកុះករទៀតផង។
ក្រោយភ្ជាប់ពាក្យគឺកូនក្រមុំបានមករស់នៅផ្ទះបងស្រីរបស់នាង ក្នុងភូមិជាមួយគ្នា ជាធម្មតាហើយ លោកបានចាត់ទុកកូនស្រីនេះដូចកូនបង្កើត មិនដែលមានគំនិតបំបែកបំបាក់កូនមិនអោយជួបគ្នាឡើយ។ ក្នុងនោះទៀតសោត គឺលោកបានទំនុកបំរុងទាំងការរៀនសូត្រ និងចំណាយផ្សេងៗទៀតជាច្រើន ព្រោះតែលោកយល់ថា រហូតដល់ឆ្នាំ២០១៦ឯណោះ ទើបពួកគេបានរៀបការនឹងគ្នា។
រឿងរ៉ាវរហូតដល់មានការយល់ច្រឡំនេះគឺកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ លោក និងក្រុមគ្រួសារបាននាំអនាគតកូនប្រសារទៅលេងម្តាយរបស់លោកនៅភូមិ ដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ដើម្បីអោយចៅបានស្គាល់ គាប់ជួនថ្ងៃនោះភាគីខាងបងស្រីរបស់អនាគតកូនប្រសារ មានរៀបចំពិធីបុណ្យខួបកំណើតកូនដែរ តែនាងមិនបាននៅចូលរួមខួបកំណើតក្មួយ ទើបកើតទៅជារឿងបែបនេះ ។
បញ្ហានេះហើយដែលធ្វើអោយបងស្រីរបស់អនាគតកូនប្រសារលោក តិះដៀលកូនប្រុសគាត់ជាច្រើន មិនតែប៉ុណ្ណោះបងស្រីរបស់នាងបានត្មិះតិះដៀលនាងនូវពាក្យអសុរោះជាច្រើនដែលសូម្បីតែរូបលោកជាឪពុកក៏មិនអាចទទួលយកបានដែរ ។ ដោយមិនចង់អោយកូនៗមានបញ្ហានឹងគ្នា គាត់បានអោយកូនប្រុសយកឡានជូនអនាគតកូនប្រសារមកផ្ទះបងស្រីវិញ ទាំងនាងមិនទាន់បាននៅនិយាយលេងជាមួយជីដូននៅឡើយ។ ក្នុងបញ្ហានេះលោកក៏សូមច្រានចោលនូវពាក្យចរចាមអារ៉ាមដែលថា កូនប្រុសរបស់លោកធ្វើសកម្មភាពរំលោភលើកូនក្រមុំហើយ ទើបមកភ្ជាប់ពាក្យជាក្រោយដើម្បីគេចវេះផ្លូវច្បាប់នោះ ជារឿងមិនពិត ។
លោក ជា វណ្ណា បានប្រាប់ទៀតថា រឿងនេះកើតឡើងបានកន្លះខែ ដន្លង របស់លោក (ម្តាយកូនស្រី)បានមកសួរនាំរឿងនេះ ពេលនោះដែរ កូនប្រុសរបស់លោកបានឆ្លើយថា ស្រេចលើម៉ែទៅចុះ គិតយ៉ាងម៉េចក៏បានដែរតែបើតាមខ្ញុំ(កូនកំលោះ)យើងផ្តាច់ពាក្យវិញ ក៏បានដែរ ព្រោះបងៗថ្លៃមើលងាយខ្ញុំណាស់ ខ្ញុំមិនអាចទទួលយកបានទេ ។
ដោយសារតែរឿងនេះ ហើយទើបធ្វើអោយមានរឿងរកាំរកូសនឹងគ្នា មិនចេះចប់ មិនចេះហើយ ពេលនេះទៀតសោតអនាគតកូនប្រសារក៏លែងចេញចូលផ្ទះលោកទៀតដែរ ហើយរឿងរ៉ាវយ៉ាងណាទៀតនោះ លោកមិនបានដឹងទេ គ្រាន់តែលោកមិនចង់អោយកូនៗបែកគ្នាឡើយ ។ ចំពោះរឿងដែលថា លោកអាងខ្លួនជានគរបាលហើយអាងខ្នងជាតុលាការនោះ វារឹតតែផ្ទុយស្រឡះទាំងស្រុង ក្នុងនាមលោកជាមន្ត្រីនគរបាលយុត្តិធម៌មួយរូប គឺលោកស្អប់ណាស់អំពើអយុត្តិធម៌ រឿងអី លោកហ៊ានបណ្តោយអោយកូនធ្វើដល់ថ្នាក់នេះ?។
ចុងក្រោយ លោកសូមសំណូពរអោយកូនទាំងពីរនាក់គិតសាជាថ្មី ព្រោះវាជារឿងអនាគតរបស់ខ្លួន សូមកុំស្តាប់តាមការញុះញង់របស់អ្នកដទៃ ។ ព្រោះថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ កូនៗអាចរៀបការនឹងគ្នាបានហើយ ៕