ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ក៏បានព្រមានផងដែរថា ចំពោះមន្ត្រីនគរបាលណា ដែលមិនអនុវត្តន៍តាមណែនាំនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខបទបញ្ជា វិន័យ និងច្បាប់ជាធរមាន។
នាយឧត្តមសេនីយ នេត សាវឿន តាមរយៈលិខិតណែនាំរបស់ខ្លួន ដែលចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ បានណែនាំដល់ប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យ និងបញ្ឈប់ជាបន្ទាន់រាល់ការកាត់កងប្រាក់បៀវត្សរបស់
មន្ត្រីក្រោមឱវាទទាំងអស់ក្នុងការងារជួយសង្គម ឬការងារមនុស្សធម៌។ លើកលែងតែការបង់វិភាគទានប្រចាំខែ សម្រាប់សមាគមមិត្តនគរបាលតែប៉ុណ្ណោះ ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកស្របតាមលក្ខន្តិកៈសមាគម ដែល បានសម្រេចក្នុងមហាសន្និបាតសមាគម។
នៅក្នុងសេចក្តីណែនាំនោះ នាយឧត្តសេនីយ នេត សាវឿន ក៏បានណែនាំ ដល់ប្រធានសេនាធិការ ប្រធាននាយក ដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការ ដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាព ជីវភាពរស់នៅរបស់មន្ត្រីនគរបាលក្រោមឱវាទ ក្នុងករណីជួបការលំបាកក្នុងជីវភាពរស់នៅ ឬជំងឺ
ឈឺស្កាត់ត្រូវរិះរកគ្រប់វិធានការ ដើម្បីជួយទ្រទ្រង់ជីវភាព និងចាត់ប្រតិភូ ដើម្បីសាកសួរសុខទុក្ខសាម៉ីខ្លួន និងក្រុមគ្រួសារ។
បទបញ្ជារបស់នាយឧត្តមសេនីយ នេត សាវឿន ត្រូវបានមន្ត្រីនគរបាលនៅក្រោមឱវាទ សម្តែងនូវការសាទរ និងសប្បាយរីករាយយ៉ាងខ្លាំង។ បទបញ្ជានេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាកំណែទម្រង់ថ្មីមួយទៀតនៅក្នុងជួរមន្ត្រីនគរបាលជាតិ ក្រោយពេលបោះឆ្នោតនាអាណត្តិទី៥នេះ៕