ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា នេះ ដោយសារតែបុរសម្នាក់បានគំរាមដុតផ្ទះចោល ព្រោះតែខឹងប្រពន្ធមិនព្រមបើកទ្វារឲ្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមការរៀបរាប់របស់ម្ដាយក្មេកបានឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ជា វួចហៀង អាយុ30ឆ្នាំ ចំណែកកូនប្រសាប្រុសនោះឈ្មោះ គីម លី អាយុជាង40ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យគេ និងជួលផ្ទះនៅម្ដុំចាក់អង្រែលើពីរនាក់ប្ដីប្រពន្ធ។ នៅយប់កើតហេតុគឺប្ដីបានហៅប្រពន្ធទៅដើរលេងរួចចូលច្រៀងខារ៉ាអូខេ ពេលនៅក្នុងបន្ទប់ច្រៀង ប្ដីបានហៅស្រីៗមកអង្គុយជាមួយអោបថើប ទើបប្រពន្ធខឹងក៏ចេញមកក្រៅបំរុងទៅផ្ទះ ហើយប្ដីក៏ចេញមកតាមដោយវាយនាងបីបួនដៃ រួចក៏ជូនមកផ្ទះដែលម្ដាយឪពុកស្នាក់នៅ រួចរូបគេក៏ចេញមកវិញ។
មួយសន្ទុះក្រោយមកក៏បានត្រលប់មកវិញហៅប្រពន្ធឲ្យបើកទ្វារឲ្យ តែប្រពន្ធមិនព្រមបើកទ្វារឲ្យ ទើបប្ដីខឹងក៏យកសាំងមួយដបមកចាក់លើទ្វារគំរាមដុត ទើបមានការឆោរឡោឡើង ទាំងប្រជាពលរដ្ឋនឹងសមត្ថកិច្ច ហើយក៏មានការប្រតាយប្រតប់គ្នាមួយប្រ៉ាវ រីឯបុរសជាប្ដីក៏ដើរចេញទៅបាត់ទៅ៕
» ព័ត៌មានជាតិ » បុរសម្នាក់បានគំរាមដុតផ្ទះចោល ព្រោះខឹងប្រពន្ធមិនព្រមបើកទ្វារឲ្យ