ភ្នំពេញ ៖ ក្រុមអាជីវករនៅ ផ្សារដើមគរ ជាង៤០០នាក់ បាននាំគ្នាបិទតូបលក់ នាំគ្នាមកតវ៉ា នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីសុំការបកស្រាយ ពីគម្រោងសាងសង់ផ្សារថ្មី ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឆ្លើយតបថា សាលារាជធានីភ្នំពេញ កំពុងតែគិតពីគំរោង កែលំអរផ្សារដើមគរ ឲ្យមានលក្ខណ:ប្រសើរជាងមុន ដើម្បីការទាក់ទាញកាន់តែខ្លាំង សម្រាប់មុខមាត់រាជធានីភ្នំពេញ ដោយគំរោងនឹងសាងសង់ផ្សារថ្មី ដែលមានចំណត រថយន្តធំទូលាយ កម្ពស់អាច៧ ទៅ៨ជាន់ទៀតផង ។
លោកបញ្ជាក់ថា «កាលពីម្សិលមិញ លោកអភិបាល រាជធានីភ្នំពេញ បានពន្យល់ម្តងរួចហើយ ដល់តំណាងអាជីវករ ចំនួន៥០នាក់ ពីការរៀបចំផ្សារ គឺនៅពេលសាងសង់ចប់ នោះនឹង ប្រគល់តូបលក់ដូរ ជូនពួកគាត់ដូចដើម តូបចាស់នៅកន្លែងណា នោះនឹងប្រគល់តូបថ្មី នៅកន្លែងនោះ ពោលពុំមានការដាក់លក់តូប ដូចផ្សារឯកជននោះឡើយ មានន័យថាគ្មាននោះឡើយ ការវិនិយោគឯកជន លើផ្សាររបស់រដ្ឋ»។
ក្រោយការពន្យល់របស់លោកអភិបាល ក្រុមតំណាងអាជីវករ ទាំងអស់ បានស្វាគមន៍ និងទទួលយក តែមិនដឹងពួកគាត់ពន្យល់យ៉ាងណា ដល់ក្រុមអាជីវករ ផ្សេងទៀត ទើបបានជានាំគ្នា មកតវ៉ាម្តងទៀត ប៉ុន្តែខាងសាលារាជធានីភ្នំពេញចាំទទួល ហើយធ្វើការបកស្រាយជូនទៀត។
បើតាមលោក ឡុង ឌីម៉ង់ ក្រុមអាជីវករមួយចំនួន នៅព្រួយបារម្ភថា នៅពេលធ្វើផ្សាររួច អាចលក់ទៅឲ្យពួកគាត់ ហើយការព្រួយបារម្ភមួយទៀត នោះគឺតើនៅពេលដំណើរ ការសាងសង់ តើឲ្យពួកគាត់ទៅលក់ នៅទីណា ? ត្រង់បញ្ហានេះ អ្នកនាំពាក្យពន្យល់ថា អាជ្ញាធរនឹងរៀបចំកន្លែងនៅទីនោះ ឲ្យពួកគាត់លក់ដូរជាធម្មតា ដូចពេល រៀបចំផ្សារធំថ្មី អីចឹង គឺមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕
» ព័ត៌មានជាតិ » អាជីវករផ្សារដើមគរ ជាង៤០០នាក់ មកជុំគ្នានៅមុខសាលារាជធានី ករណីសាងសង់ផ្សារថ្មី