ភ្នំពេញ៖ចោរព្រហើន២នាក់ថ្លើមធំហានចូលប្លន់ដល់ក្នុងផ្ទះ រួចចាប់ស្ត្រីជាអ្នកបំរើចងដៃជើង និងយកស្កុតបិទមាត់ រួចបានប្រមូលយកទ្រព្យសម្បត្តិមានតម្លៃអស់មួយចំនួន នៅក្នុងផ្ទះលេ 128C ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ។
ទាក់ទិនករណីចូលប្លន់ដល់ក្នុងផ្ទះខាងលើគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារម្ចាស់ផ្ទះនិងសមត្ថកិច្ចមូលដ្ឋានបានព្យាយាមមិនផ្ទល់ព័ត៌មានដល់អ្នកសារព័ត៌មាននោះទេ ។ ប៉ុន្តែគេបានស្គាល់អត្តសញ្ញាណម្ចាស់ផ្ទះគឺឈ្មោះ គឹម រស្មី ភេទប្រុស អាយុ៣២ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះនិងក្រុមគ្រួសារបាននាំគ្នាចេញទៅក្រៅបាត់អស់ ដោយទុកឈ្នួលនៅផ្ទះម្នាក់ឯង ហើយពេលនោះក៏មានក្រុមចោរប្លន់មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងមិន ស្គាល់ម៉ាកមកឈប់នៅមុខផ្ទះហើយចូលធ្វើសកម្មភាពចាប់ស្ត្រីអ្នកបំរើ ចងដៃជើងនិងយកស្កុតបិទមាត់ រួចបានធ្វើសកម្មភាពរុករើកកាយពេញផ្ទះ ហើយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃអស់មួយចំនួន ។ ក្រោយពីធ្វើសកម្មភាពហើយនោះក្រុមជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ៕ ជាតិតា