ភ្នំពេញ៖ ស្តូប ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលបានសាងសង់ នៅលើសួនច្បារខាងកើតវិមានឯករាជ្យ សម្រេចបាន ៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ នៅបំណាច់ខែកញ្ញាខាងមុខ។ នេះបើតាមការឲ្យដឹង របស់មន្ត្រីការិយាល័យ នគរូបនីយកម្មរាជធានីភ្នំពេញ។
សូម បញ្ជាក់ថា ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ត្រូវបានបញ្ចុះបឋមសិលា សាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្តូបព្រះបរមរូបនោះ ត្រូវគេសាងសង់ឡើងតាមរចនាបទទម្រង់បុស្បុក ដោយមានកម្ពស់ ២៧ម៉ែត្រ គិតពីបាតខាងក្រោមដល់កំពូល។ ចំណែកតួព្រះបរមរូប ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ម៉ែត្រ ទ្រង់ឈរលើព្រះទែន មានកម្ពស់ ២,៧ម៉ែត្រ លើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ម៉ែត្រ ទទឹង ២៧ម៉ែត្រ និងកម្ពស់ ០,៩ម៉ែត្រ។
បើ តាមមន្ត្រីនគរូបនីយកម្ម ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺត្រូវបានកំណត់យកខ្នាតទូទៅមួយ ដែលសុទ្ធតែមានលេខ អាចបូកផ្គុំបញ្ចូលគ្នាទៅបាន ជាលេខ៩ទាំងអស់៕
» ព័ត៌មានជាតិ » ការស្ថាបនាស្តូបព្រះបរមរតនកោដ្ឋ សម្រេចបាន ៧០ភាគរយហើយ