បាត់ដំបង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើល និងជួយអន្តរាគន៏ បូមទឹកដាក់ ស្រូវ សន្ទូង និងដំណាំផ្សេងៗ របស់ប្រជាកសិករ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយពីប្រជាពលរដ្ឋ នៅនោះ ជួបគ្រោះអត់ទឹក សម្រាប់ស្រោចស្រព លើផ្ទៃដីដាំដុះ ទាំងស្រូវ និងដំណាំផ្សេងៗប្រមាណ១១០០ហិចតា ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួង ធនធានទឹក បានថ្លែងអោយដឹងថា ដោយមើលឃើញស្ថានភាពបែបនេះ លោក លឹម គានហោ បាន បញ្ជាអោយមន្ទីរធនធានទឹក និងក្រុមការងារ របស់ខ្លួន ប្រើម៉ាស៊ីនបូមទឹក ចល័តចំនួន២គ្រឿង ដើម្បីបូមទឹក ចេញពីស្ទឹងសង្កែ យកទៅស្រោចស្រព ផ្ទៃដីស្រែ និងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលកំពុង ជួបគ្រោះធម្មជាតិមួយនេះ ។
ព្រោះតែជួបបញ្ហាមួយនេះជាញឹកញាប់ និងការប្រើម៉ាស៊ីនបូមទឹកចល័ត មានការខ្វះខាតនោះ មេឃុំព្រែកនរិន្ទ និងប្រជាពលរដ្ឋ បានស្នើសុំ អោយជួយដំឡើងស្ថានីយ៏បូមទឹកមួយ នៅក្បាលព្រែកនរិន្ទ តែម្តង ពីព្រោះថវិការបស់ឃុំ មានត្រឹមតែ ១៥០០០ដុល្លារ ដូច្នេះមិនអាចធ្វើស្ថានីយ៏បូមទឹកមួយនេះបានទេ មានតែស្នើសុំពីលោករដ្ឋមន្ត្រី ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ជាការឆ្លើយតប និងចង់បានទៅហើយនោះ របស់លោកមេឃុំនិងប្រជាពលរដ្ឋ សម្រាប់ផលប្រយោជន៏រួម លោករដ្ឋមន្ត្រី បានឯកភាព ដោយជួយចេញបង្គ្រប់ លើថវិកា ដែលឃុំមាន ហើយតាមការវាយតម្លៃ របស់មន្ត្រីជំនាញ បានបង្ហាញថា ទាំងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការស្តាប្រឡាយ និងការដំឡើងស្ថានីយ៏ អោយដូចទៅហ្នឹងស្ថានីយ៏តេជោ សែន ទី៤៧ នោះគឺត្រូវចំណាយ ចម្លោះពី៦ ទី៧មឺុនដុល្លារ ហើយលោករដ្ឋមន្ត្រី នឹងចាត់អោយក្រុមការងារ បច្ចេកទេស និងមន្ត្រីជំនាញចុះមកពិនិត្យមើលការងារ ដើម្បីរៀបចំធ្វើ។
ក្រោយទទួលបានករយល់ព្រមពីលោក លឹម គានហោ ភ្លាម លោកមេឃុំព្រែកនរិន្ទ តាងនាមអោយប្រជាពលរដ្ឋ នៅក្នុងភូមិទាំង១០ បានថ្លែងអំណរគុណយ៉ាងខ្លាំង ហើយនឹងលែងជួបការខ្វះខាតទឹក សម្រាប់ស្រោចស្រព ផ្ទៃដីស្រែ និងផលដំណាំទៀតហើយ នាឆ្នាំខាងមុខ៕