ភ្នំពេញ ៖ តុលាការកំពូលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ បានបើកសវនាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់អ្នកស្រី ឡាយ ហួង ក្នុងសំណុំរឿងរៀបចំគម្រោងរំលោភ និងសម្លាប់កូនស្រី និងភរិយា លោក ស៊ុន ចាន់ថុល។ ផ្ដើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ថវៈ និង បទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធការរៀបចំគម្រោងរំលោភ និងសម្លាប់កូនស្រី និងភរិយា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក ជា ចាន់រ៉ាវី មេធាវីការពារសិទ្ធិអ្នកស្រី ឡាយ ហួង ថ្លែងថា តុលាការកំពូលគួរគប្បីដោះលែងកូនក្តីឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះកូនក្តីជាស្ត្រីទន់ខ្សោយ មានជំងឺប្រចាំកាយ ក្រុមគ្រួសារធានា និងដោយសារសំណុំរឿងនេះបានបិទការស៊ើបសួររួចហើយ ពោលគឺរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ បានឈានដល់ការបើកសវនាការរឿងអង្គសេចក្តី។ ក្រោយការសួរដេញដោល លោកចៅក្រម គង់ ស្រ៊ីម បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះវិញ។
អ្នកស្រី ឡាយ ហួង ត្រូវបានប៉ូលិស Interpol ឃាត់ខ្លួន ក្នុងទឹកដីប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ តាមការស្នើរបស់សមត្ថកិច្ចកម្ពុជា ពាក់ព័ន្ធនឹងករណីផ្ដើមគំនិតក្នុងការរៀបចំគម្រោងរំលោភ និងសម្លាប់លោកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រីរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីយប់ទី១៣ ខែមិថុនា ឆ្នាំ២០១០កន្លងមក៕