ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៧នាក់ បានស្លាប់ ១០នាក់រងរបួសធ្ងន់ និង ៨នាក់រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន១២លើក (យប់៦លើក) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គេហទំព័រដដែលបានឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦គ្រឿង រថយន្តធុនតូច ៦គ្រឿង និងរថយន្តធុនធំ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៤លើក ស្រវឹង ២លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក ស្រវឹង ២លើក បត់គ្រោះថ្នាក់ ១លើក និងមិនគោរពសិទ្ធ ១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ២១នាក់ (យប់ ១០នាក់)។
ដោយឡែកនៅថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះផងដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ៩២២គ្រឿង (រថយន្តធំ ២៥៨គ្រឿង) ស្មើនឹង ៩២២ករណី ល្មើសក្រដាសស្នាមមាន ៥២៣គ្រឿង ស្មើនឹង ៥២៣ករណី ចំពោះករណីល្មើសបច្ចេកទេស ៣៩៩គ្រឿង ស្មើនឹង ៣៩៩ករណី ដោយឡែកម៉ូតូ ត្រូវបានពិន័យសរុបចំនួន ១,៩០៩គ្រឿង ៕