ភ្នំពេញ ៖ មន្ត្រីតុលាការថ្លែងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនម្ដាយបង្កើតម្នាក់ ដែលលក់កូនស្រីបង្កើត និងអូសទាញនារីម្នាក់ឲ្យតាតារួមភេទ ជាថ្នូរនឹងប្រាក់។
ម្ដាយរូបនេះត្រូវបានលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ចោទប្រកាន់ពីបទសញ្ចរកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៨៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ។
ម្ដាយរូបនេះឈ្មោះ ពេជ្រ ស្រីតី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរបុគ្គលិកក្លិបកម្សាន្ត ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ខណៈពេលស្ត្រីរូបនោះកំពុងរង់ចាំម៉ូយ ដើម្បីប្រគល់ កូនបង្កើត និងនារីវ័យក្មេងម្នាក់ឲ្យទៅបម្រើផ្លូវភេទជាមួយតាតា៕