ភ្នំពេញ ៖ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់អ្នកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តតាកែវ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងជះទឹកអាស៊ីដ នៅផ្សារទន្លាប់ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងកូនស្រីអាយុ២ឆ្នាំ រងរបួសស្រាល ដែលសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ លើជនសង្ស័យ២នាក់បងប្អូន ពីបទអំពើហិង្សាដោយចេតនាលើអ្នកដទៃ ដោយប្រើអាស៊ីដខ្លាំង និងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បណ្ដឹងឧទ្ធរណ៍របស់លោក ទិន សុចិត្រា ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ចាត់ការជាបន្តបន្ទាប់ រហូតលោកចៅក្រម ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីពេលកន្លងទៅ សម្រេចបដិសេធបណ្ដឹងឧទ្ធរណ៍របស់លោក ទិន សុចិត្រា ដោយទាស់នឹងគតិច្បាប់ និងសម្រេច របស់ដីកាសម្រេចរបស់អ្នកស្រី អ៊ិន ម៉ានិត្យ ទុកជាបានការដដែល។ ជាមួយគ្នានេះ ប្ដីរបស់ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានកម្មវត្ថុប្ដឹងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ក្នុងចំណាត់ការមិនប្រក្រតី នៃការដោះលែងឪពុកម្ដាយ២នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងបញ្ជាឲ្យកូន២នាក់ជះទឹកអាស៊ីដ។ ប៉ុន្តែបណ្ដឹងនេះ ពុំទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ។
បច្ចុប្បន្នសំណុំរឿងនេះមនុស្ស៤នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ ពោលគឺឪពុកម្ដាយ និងកូនៗ២នាក់។ ប៉ុន្តែតុលាការកំពុងចាត់ការតែលើសំណុំរឿងប៉ុណ្ណោះ រីឯជនត្រូវចោទកំពុងរស់នៅក្រៅសំណាញ់ច្បាប់។
មនុស្សទាំង៤នាក់នេះមាន ១-ឈ្មោះ ញ៉ែ ដេង និង២-ឈ្មោះ សេង គឹមឡេង ជាឪពុកម្ដាយ។ ៣-ឈ្មោះ ដេង លក្ខិណា និង៤-ឈ្មោះ ដេង មាស ត្រូវជាកូន។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណីជះទឹកអាស៊ីដមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនដៃដល់៤នាក់ (ឪពុកម្ដាយ និងកូន២នាក់) បណ្ដាលឱ្យស្រី្តមានផ្ទៃពោះ២ខែម្នាក់ឈ្មោះ មួង ស្រីមុំ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់អាយុ២ឆ្នាំម្នាក់ទៀត រងរបួសសើស្បែក។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការបានកោះហៅឪពុកម្ដាយអ្នកជាជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីដចូលបំភ្លឺ។ ប៉ុន្តែក្រោយមក អ្នកទាំងពីរត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ៕