បន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូដួលហើយត្រូវរថយន្តកិនស្លាប់។ កាលពីយប់ម៉ោងប្រមាណជា៨ និង៣០នាទី ថ្ងៃទី១៤ កក្កដា ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារអូរអំបិល ភូមិ-ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍ខាងលើស្ថិតនៅក្នុងភាពមិនច្បាស់នៅឡើយថា កើតឡើងដោយសារអ្វី តែតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងគេឃើញមាន ម៉ូតូជនរងគ្រោះម្នាក់ដែលត្រូវរថយន្តកិនស្លាប់បានប្រដេញធាក់គ្នា ពីលិចទៅកើត ជាមួយម៉ូតូផ្សេងទៀត ដែលសុទ្ធតែជាក្មេងស្ទាវដូចគ្នា លុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជនរងគ្រោះដែលមានម៉ាក ស្គូបពី ពណ៌សរលាយពណ៌ទឹកសមុទ្រ បានដួលទៅលើថ្នល់ធ្វើឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូ និងមិនទាន់ស្គាល់អត្តសញ្ញាណត្រូវរថយន្តដែលបុកក្នុងទិសដៅផ្ទុយគ្នា កិនបែកក្បាល៕