ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ដឹកកម្មកររោងចក្រ បុករថយន្តដឹកថ្ម នៅខាងមុខរោងចក្រ ថបសាមីត សាលាក្តីខ្មែរក្រហម បណ្តាលឲ្យ ស្ត្រីជាកម្មការិនី ម្នាក់ស្លាប់ និង ២នាក់របួសធ្ងន់ ៣នាក់ រងរបួសធ្ងន់។ រថយន្តដឹកកម្មករត្រូវបាន សមត្ថកិច្ចរាយការណ៍ថា បានផ្ទុកមនុស្ស ប្រមាណ ២០នាក់ ។
មន្ត្រីបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹងថា ប.ស.ស កំពុងផ្តល់គោល របបសន្តិសុខសង្គម ដល់គ្រួសារ ជនរងគ្រោះ ដែលស្លាប់ និងរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីបុកឡានដឹកកម្មករ នៅលើផ្លូវជាតិ លេខ៤ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការប្រកាស សម្រាប់ករណីជនរងគ្រោះស្លាប់ ប.ស.ស ផ្តល់ជូនថ្លៃដឹកសព, ថ្លៃធ្វើបុណ្យសព ៤លានរៀល, ផ្តល់ គោលរបបឧបត្ថម្ភ កូន ប្រពន្ធ ឬ ប្តី និងជនជរានៅក្នុងបន្ទុក។ ដោយឡែកករណីដែលរងបួសធ្ងន់ និង ស្រាល ប.ស.ស ផ្តល់ជូនថ្លៃបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ , ថ្លៃសង្គ្រោះបន្ទាន់ , ថ្លៃព្យាបាលរហូតដល់ ជាសះស្បើយ, ប្រាក់បំណាច់ ប្រចាំថ្ងៃពេលសម្រាកព្យាបាល, ផ្តល់ជូនអ្នកកំដរ និងអ្នកថែទាំអ្នកជំងឺ, ផ្តល់ឧបករណ៍រណប ដៃ ជើង អវៈយវៈ សិប្បនិមិត្ត តាមការស្នើសុំ និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈឡើងវិញ ស្របតាមកាយសម្បទា៕