ភ្នំពេញ៖ ជនសង្ស័យ១នាក់ក្នុងចំណោមបក្ខ៣នាក់ត្រូវប្រជាពលរដ្ឋចាប់វាយស្ទើរស្លាប់ស្ទើររស់ បន្ទាប់ប្រើកាំបិតភ្ជុងប្លន់ យុវជនម្នាក់ដែរដើរមកអង្គុយនៅសួនច្បារង្វង់មូលគូចការណុងយកលុយមួយចំនួន និងខ្សែកមួយខ្សែ រួចព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បានម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចសួនច្បារគូចការណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ ឈឿន ណាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិជ្រោះថ្មី ឃុំរាក់ជ័យ ស្រុកបាភ្នំ ព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ រឿន បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាសន្តិសុខនៅម្តុំផ្សារទួលសង្កែ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យទៅ ទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រះចកដើម្បីកសាងសំណំរឿងចាត់ការ តាមច្បាប់ ៕