ភ្នំពេញ ៖ មនុស្សជាង៥០នាក់ ពាក់ព័ន្ធគ្រឿងញៀននិងហ្គេមអ៊ិនធើណែត ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្ទះសំណាក់គ្មានយីហោរមួយកន្លែង ស្ថិតនៅផ្ទះលេខ៥០E0 ភូមិ២ ក្រុម១ តាមបណ្ដោយផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀននិងហ្គេមអ៊ិនធើណែតជាង៥០នាក់ ដែលក្នុងប្រតិបតិ្តការណ៍នេះ ដឹកនាំដោយ លោក ប៊ន សំអាត ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀនរាជធានីភ្នំពេញ និងបញ្ជាពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ។
ក្រោយពីមានការស្រាវជ្រាវសមត្ថកិច្ចរបស់លោកក៍បានបើកប្រតិបត្តិការនៅផ្ទះសំណាក់គ្មានយីហោមួយកន្លែងដោយចុះបង្ក្រាបជាក់ស្ដែងបានអ្នកប្រើប្រាស់សារធាតុញៀនចំនួន៣២នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងវត្ថុតាងសម្រាប់ជក់សារធាតុញៀនមួយចំនួនធំ។
លោក ស្នងការរងបានបន្តអោយដឹងទៀតថា មាន ផ្ទះបើកហ្គេមអ៊ិនធើណែតមួយមានយីហោ “សាយបឺលែន” នៅជាប់និងផ្ទះសំណាក់ខាងលើនោះ កម្លាំងរបស់លោកបានឃាត់ខ្លួនក្រុមយុវជន មកលេងហ្គេម អ៊ិនធើណែត ចំនួន១៩នាក់ និងម្ចាស់ទីតាំងចំនួន២នាក់(ស្រី) ផងដែរ។
ជាលទ្ធផល ក្រោយចប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ ជនសង្ស័យសរុប ចំនួន៥៣នាក់(ស្រី៣នាក់) និងម៉ូតូជាច្រើនគ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន យកទៅសួរនាំ នៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕