ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញចុះធ្វើការត្រូតពិនិត្យសំដៅ ធ្វើយ៉ាងណាអោយក្រុមហ៊ុនដែលទទួលម៉ៅការការដ្ឋាននេះស្ថាបនាអោយបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសប្រើប្រាស់ជាប់បានយូរ។
ការស្ថាបនាផ្លូវ៣៧១ នេះឡើងគឺពិតជាទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋដែលម្នាក់ៗគិតថា បន្ទាប់ពីផ្លូវនេះចាក់ក្រាលបេតុងរួចរាល់វានឹងធ្វើ អោយយើងគ្រប់គ្នាធ្វើដំណើរបានស្រួលវិញ ។ កំណាត់ផ្លូវលេខ៣៧១ ត្រូវបានបើកការដ្ឋានជួសជុលកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ដោយបានអញ្ជើញជា
អធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ។ មន្ត្រីសាលារាជធានីភ្នំពេញបានអោយដឹងថា កំណាត់ផ្លូវលេខ៣៧១ ទំនប់បឹងទំពុនត្រូវបានស្ថាបនាឡើងជាផ្លូវបេតុងឆ្អឹងដែក១ខ្សែ ប្រវែង៤៣១០ម៉ែត្រ ទទឹង១១ម៉ែត្រ កំរាស់២តឹកកន្លះ ហើយផ្លូវ១ខ្សែនេះប្រាកដជាបានជួយសំរួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋនៅតំបន់
នេះក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបការងារ ដឹកកសិផលយកមកលក់នៅទីផ្សារបានស្រួល និង ចំណេញពេលវេលា ជាពិសេសគឺធានារថយន្ដធុនធំដឹកធ្ងន់ឆ្លងកាត់លើកំណាត់ផ្លូវនេះផង ដែលជាផ្លូវវាងក្រុងដ៏សំខាន់ក្នុងការបញ្ចៀសចរាចរណ៍កុំឱ្យ កកស្ទះក្នុងក្រុងផង។ ដើមឡើយផ្លូវ១ខ្សែនេះជាផ្លូវកៅស៊ូដែលជប៉ុនគេធ្វើការជួសជុលឱ្យ ចាប់ពី
គល់ស្ពានភូមិម័ល (ស្ពានដែក) ដល់ ផ្លូវ២៧១ ប្រវែង៤៣១០ម៉ែត្រ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ផ្លូវនេះត្រូវប្រើរយៈពេលនៃការស្ថាបនាអោយរួចរាល់ក្នុងរយៈពេល៥ខែ គឺគិតចាប់ថ្ងៃបើកការដ្ឋាន ដោយបានចំណាយថវិកាអស់ជាង២លានដុល្លារអាមេរិកដែលជាថវិការបស់សាលា រាជធានីភ្នំពេញទាំងស្រុង៕