ភ្នំពេញ ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង២២និង៤៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅមុខភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ និងភាគីម្ខាងទៀតរងរបួសស្រាល បន្ទាប់ពីម៉ូតូរបស់ជនរងគ្រោះជិះប្រកាន់ស្ដាំត្រូវហើយ ត្រូវភាគីម្ខាងទៀត ដែលបើកបរធ្វើដំណើរមិនប្រកាន់ស្ដាំ បានជិះបុកបណ្ដាលឲ្យភាគីដែលបើកប្រកាន់ស្តាំរងរបួសធ្ងន់ និងភាគីបង្កបានរងរបួសស្រាល។ ភាគីម៉ូតូបង្កជិះម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1L 2941 ជិះឌុបគ្នាបីនាក់រងរបួសស្រាល ដែលក្រុមនេះជិះមិនប្រកាន់ស្ដាំ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ម៉ូតូរងគ្រោះជិះម៉ូតូម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV2932 ជិះក្នុងទិសដៅពីកើតទៅលិច។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ដោយបានប្រកាន់ស្ដាំត្រឹមត្រូវ តែភាគីម៉ូតូម្ខាងទៀតបានជិះសសៀរ មិនប្រកាន់ស្ដាំ បញ្ច្រាសទិសជាមួយម៉ូតូរងគ្រោះ ពេលមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីរងគ្រោះរងរបួសធ្ងន់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលយកទៅរក្សាទុកនៅផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕