ខេត្តកណ្ដាល៖ យុវជន២នាក់បានចូលខ្លួនសារភាពក្នុងប៉ុស្តិ៍នគរបាលរដ្នបាលកំពង់ស្វាយ និងធ្វើការឃាត់ ខ្លួននៅម៉ោង០៦និង២០នាទីព្រឹកនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យទី១.ឈ្មោះ ប៊េង ផល្លីន ភេទប្រុសអាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។ ទី២.ឈ្មោះ ផន រីណា ភេទ ប្រុសអាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ។ អ្នកទាំង២ នាក់ មុខរបរ ជាកម្មករជាងផ្សារពិដាននៅចំណុច ផ្សារញ៉ែ ក្រោយព្រះអង្អចេក ព្រះអង្អចម ក្រុងសៀមរាប ទីរួមខេត្តសៀមរាប និងមានទីលំនៅសព្វថ្ងៃភូមិ បឹងដូនប៉ា-សង្កាត់ស្លក្រាម-ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមការឆ្លើយរបស់ជនល្មើសទាំង០២នាក់ថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ខ្លួនបានខ្ចីម៉ូតូគេមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅគ្មានស្លាកលេខផលិតឆ្នាំ2014 លេខតួ-ម៉ាស៊ីន 9160476 ពីផ្ទះសំណាក់នៅទីរួមខេត្តសៀមរាបទៅទិញបារី តែជិះរហូតមកដល់ភ្នំពេញទៅលេងផ្ទះសង្សារនៅស្រុកស្អាង ខេត្តកណ្ដាល ។ ស្របពេលនោះបានឮសម្លេងម្ចាស់ម៉ូតូប្រកាសតាមវិទ្យុABC ទើបនៅម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ បានជិះម៉ូតូឌុបគ្នា យកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយសារភាពចំពោះមុខច្បាប់ នូវអ្វីដែលខ្លួនបានប្រព្រឹត្ត ។
បច្ចុប្បន្នជនល្មើសទាំង០២នាក់ត្រូវបានបញ្ជូន មកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕