ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះទាន់ពេលនៅ មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ បន្ទាប់ពីក្មេងស្រីរូបនេះលេបថ្នាំងងុយដេកចំនួន១២គ្រាប់ បណ្តាលឱ្យសន្លប់ ដោយសារតែនាងដេកមិនលក់ បន្ទាប់ពីមានអ្នកជិតខាងផឹកស្រាស្រវឹងនាំគ្នាចាក់ធុងបាស់ រាំច្រៀងរហូតដល់យប់ជ្រៅ។
ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី៤ កក្កដា ២០១៥ ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ក្មេងស្រីរងគ្រោះឈ្មោះឡេង ស្រីមួយ អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យហ៊ុន សែនសាលាក្រៅ មានម្តាយឈ្មោះស៊ុយ សុធា អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបានឱ្យដឹងថា ជារៀងរាល់យប់ក្មេងស្រីរងគ្រោះតែងតែដេកមិនលក់ឡើយ ដោយសារចេះតែមានអ្នកជិតខាងនាំគ្នាផឹកស្រាស្រវឹង ហើយច្រៀងរាំតាំងពីល្ងាចរហូតដល់យប់ជ្រៅ ។ ក្រោយមក នាងដើរទៅផ្ទះពេទ្យលក់ថ្នាំនៅក្នុងភូមិ រួចបានទិញថ្នាំងងុយដេកជាង១០គ្រាប់យកមកលេប ៕