កែប៖ រឿងអាស្រូវពុករលួយដែលគេនឹកស្មានមិនដល់ គឺបាននិងកំពុងកើតឡើងនៅមន្ទីរធម្មការនិងសាសនា ខេត្តកែប ដែលមានលោក មៀច អែម ជាប្រធានមន្ទីរដែលជាដើមហេតុធ្វើឲ្យរដ្ឋបាត់បង់ថវិកាជាតិ ទៅនិងករណី នេះ។ តាមប្រភពបានឲ្យដឹងថា នៅមន្ទីរធម្មការនិងសាសនាខេត្តកែប បើអ្នកមើលពីសំបកខាងក្រៅគឺឃើញថា មន្ទីរមួយនេះ ទាំងប្រធានមន្ទីរនិងអ្នកកាន់ការងាររដ្ឋបាលនិងហិរញ្ញវត្ថុរបស់មន្ទីរ ប្រហែលជារកលុយផឹកកាហ្វេ មិនបានផង។ ព្រោះយល់ថាខេត្តមួយនេះមានផ្ទៃដីដ៏តូចបំផុត ប្រជាពលរដ្ឋក៏តិចហើយចំនួនវត្តអារាមក៏តិចដែរ ហើយការចំណាយក្នុងការចុះបេសកកម្មរបស់មន្ត្រីម្នាក់ៗ ទៅកាន់មូលដ្ឋានក៏ទទួលបានប្រាក់តិចដែរ ដោយសារ តែវាពុំមានចំណាយឆ្ងាយដូចនៅខេត្តដទៃ ដែលទទួលប្រាក់បេសកកម្មច្រើន។
សំរាប់មន្ត្រីនៅក្នុងមន្ទីរមួយនេះ បានអះអាងថា បើក្រឡែកទៅមើលទិដ្ឋភាពខេត្តកែបនោះវាផ្សេង ប៉ុន្តែអ្វីដែល ជាការជាក់ស្តែងនៅក្នុងមន្ទីរគឺវាមិនដូចគ្នាទេ ដូចជានៅឆ្នាំ២០១៤ លោកប្រធានមន្ទីរ មៀច អែម រួមនិងបក្សពួក របស់គាត់បានរួមដៃគ្នា ប្រព្រឹត្តអំពើពុករលួយដោយកិបកេងប្រាក់សំរាប់ថែទាំនិងជួសជុលអគារបានមិនតិចជាង ៣០លានរៀលទៀតទេ រួមនិងការកិបកេងប្រេងឥន្ធនៈយ៉ាងតិច៣ពាន់លីត្រ ការចំណាយលើសំភារៈ ការិយាល័យ លើប្រាក់បេសកកម្មរួមនិងប្រាក់ប្រជុំប្រហែលជាជិត២០លានរៀលថែមទៀត។ ហើយថវិកាទាំង នោះគឺភាគច្រើនបានជាផលប្រយោជន៍លោកប្រធានមន្ទីរស្ទើរទាំងអស់។
ហើយកន្លងទៅ មន្ទីរធម្មការខេត្តកែប មិនសូវមានសកម្មភាពការងារដូចនៅមន្ទីរធម្មការខេត្តដទៃទៀតទេ ប៉ុន្តែសំរាប់ការចំណាយថវិកានៅមន្ទីរមួយនេះ លើគ្រប់ជំពូកគឺបានចាយអស់ប្រាក់រហូតទៅដល់អស់ជិត៤០០ លានរៀល ស្ទើរស្មើមន្ទីរធម្មការនៅខេត្តដែលមានសកម្មភាពការងារច្រើន។ បញ្ហាការចាយវាយថវិកានៅមន្ទីរ ធម្មការខេត្តកែប គឺមានភាពមិនប្រក្រតីយ៉ាងច្រើន ប៉ុន្តែកន្លងមកទាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងក្រសួងស្ថាប័ន ពាក់ព័ន្ធគឺមិនបានចាប់អារម្មណ៍នោះទេ។
តាមមន្ត្រីនៅមន្ទីរធម្មការខេត្តកែប ទទូចសុំលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនារួមនិងក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ជួយពិនិត្យស្រាវជ្រាវករណីខាងលើនេះ៕
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរធម្មការខេត្តកែបប្រមូលប្រាក់ពុករលួយបានមិនចាញ់ប្រធានមន្ទីរខេត្តធំ