តាកែវ៖ កម្មកររោងចក្រផលិតស្បែកជើងយីហោ យិនហ័រ ប្រមាណ២៨០នាក់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥បានប្រមូលផ្តុំគ្នានៅមុខរោងចក្រដើម្បីធ្វើបាតុកម្ម ទាមទារឲ្យថៅកែបើកប្រាក់ខែឲ្យពួកខ្លួន ។ ការតវ៉ានេះបានអូសបន្លាយ និងព្រមានថា អាចនឹងឈានដល់ការបិទផ្លូវ ឬបិទមុខរោងចក្រធំដែលជារោងចក្រទទួលយកផលិតផលពីរោងចក្ររបស់ពួកគេ កំពុងធ្វើការ ។ ពួកគេធ្វើការងារឲ្យរោងចក្រយិនហ័រ ប៉ុន្តែរោងចក្រនេះយកផលិតផលដែលផលិតបានយកបន្ត ហើយរោងចក្រប៉ុណ្ណទូស ហ្វូតហ្វែរ អិលធីឌី ដែលមានទីតាំងនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ចម្ងាយពីរោងចក្រយិនហ័រប្រមាណ១គីឡូម៉ែត្រ ។ រោងចក្រធំដែលទទួលយកផលិតផលពីរោងចក្រតូចបានជំពាក់ប្រាក់រោងចក្រយិ នហ័រ២៤ម៉ឺនដុល្លារ គិតចាប់តាំងពីខែមេសាមក ។
ដោយសារតែរោងចក្រធំគឺរោងចក្រប៉ុណ្ណទូស ហ្វូតហ្វែរ មិនសងប្រាក់ឲ្យរោងចក្រយិនហ័រនោះហើយ ទើបធ្វើឲ្យកម្មករនៅក្នុងរោងចក្រជាសាខាគ្មានប្រាក់ខែ ពោលគឺដោយសារតែរោងចក្រធំមិនសងលុយឲ្យរោងចក្រតូច ដូច្នេះរោងចក្រតូចគ្មានលុយបើកឲ្យកម្មករ ។ ក្រុមកម្មករព្រមានថា នឹងធ្វើបាតុកម្មនៅមុខរោងចក្រធំ។
ថៅកែរោងចក្រប៉ុណ្ណទូស ហ្វូតហ្វែរ ជាជនជាតិចិនបានដេញអ្នកកាសែត នៅពេលដែលអ្នកកាសែតចុះទៅយកព័ត៌មាននៅទីនោះ ដោយគេនិយាយតាមរយៈអ្នកបកប្រែថា វាជារឿងរបស់ពួកគេដែលអ្នកកាសែតមិនត្រូវដឹងឮអ្វីឡើយ៕