ភ្នំពេញ៖ អ្នកស្រី អ៊ឹម ចន្ធី ប្រពន្ធលោកហង្ស សេរីឧត្តម បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះថា នឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ហើយនៅថ្ងៃច័ន្ទទី២ ខែកញ្ញា ឆ្នាំ២០១៣ អ្នកស្រីនឹងយកពាក្យបណ្តឹង ដែលសមាគមសិទ្ធិមនុស្សអាដហុក បានរៀបចំរួចនោះ ទៅប្តឹងនៅសាលាឧទ្ធរណ៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ជូនប្តីរបស់អ្នកស្រី បន្ទាប់ពីតុលាការខេត្តរតនគិរី មិនបានផ្តល់នូវយុត្តិធម៌ ជូនដល់អ្នកស្រី ដោយបានលើកលែងបទចោទប្រកាន់ ទៅលើជនសង្ស័យ ពីរនាក់ប្តីប្រពន្ធនោះ។
អ្នកស្រីបន្តថា “ខ្ញុំមិនដឹងដែរថា សាលាឧទ្ធរណ៍អាចរកយុត្តិធម៌ ឲ្យខ្ញុំបានឬអត់ទេ ព្រោះតុលាការខេត្តរតនគិរី គេប្រកាសលើកលែងម្តងហើយ តែខ្ញុំមិនសុខចិត្ត ព្រោះអីគាត់ស្លាប់ហើយ ធ្វើដូចអត់មានយុត្តិធម៌អីសោះ អាងថាស្លាប់បាត់ទៅចេះ តែកាត់ឲ្យអ្នកមានលុយឈ្នះ អ្នកក្រចាញ់តែរហូត ចឹងតុលាការនៅនេះអត់កើតទេ”។
អ្នកស្រី អ៊ឹម ចន្ធី បានត្អូញត្អែថា កាលពីប្តីរបស់អ្នកស្រីនៅរស់ គឺគាត់នៅតែផ្ទះប៉ុណ្ណោះ ដោយប្តីជាអ្នករកស៊ីចិញ្ចឹម និងរ៉ាប់រងជីវភាព ក្នុងគ្រួសារទាំងអស់ ហើយជីវភាពក៏ធូធារដែរ ប៉ុន្តែក្រោយពីប្តីបានបាត់បង់ជីវិតទៅ គ្រួសាររបស់អ្នកស្រី ជួបនូវទុក្ខលំបាកជាខ្លាំង ព្រោះរកព្រឹកខ្វះល្ងាច ដោយធ្វើជាកម្មករសំណង់ ដើម្បីរកប្រាក់ទិញទឹកដោះគោ
មកចិញ្ចឹមកូនស្រីដែល ទើបមានអាយុជាង៨ខែ និងទុកសម្រាប់បង់ថ្លៃផ្ទះជួល។
នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ គ្រួសារជនរងគ្រោះ នឹងដាក់ពាក្យប្តឹងតវ៉ា ទៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌សពហង្ស សេរីឧត្តម អ្នកកាសែតវីរជនខ្មែរ ដែលត្រូវបានគេសម្លាប់ ដោយអាថ៌កំបាំង ហើយត្រូវបានតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ ទៅលើជនសង្ស័យ៕