ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ​តុលាការ​ខេត្តកោះកុង រកឃើញថា កូនស្រី​មិនមែនជា​ជនដៃដល់ សម្លាប់​ម្តាយ​ខ្លួនឯង​ទេ ត្រូវគេ​ឆ្លើយ​ទម្លាក់កំហុស​ ​

​តុលាការ​ខេត្តកោះកុង រកឃើញថា កូនស្រី​មិនមែនជា​ជនដៃដល់ សម្លាប់​ម្តាយ​ខ្លួនឯង​ទេ ត្រូវគេ​ឆ្លើយ​ទម្លាក់កំហុស​ ​

ភ្នំពេញ​៖ បន្ទាប់ពី​កើតរឿង​សម្លាប់​ស្ត្រី​ម្នាក់ ប្លន់​យក​ខ្សែក និង​ខ្សែដៃ នៅ​ទី​រួម​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៨​ឧសភា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រ៉ុង មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកោះកុង បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ ដែលមាន​ប៉េអឹម​ខេត្ត និង​ប៉េអឹម​ក្រុង​ខេមរភូមិន្ទ ដើម្បី​បើក​ការស៊ើបអង្កេត ស្វែងរក​ការពិត​ជុំវិញ​សំណុំរឿង​ឃាតកម្ម​នោះ​។​
​ក្រោយ ការស៊ើបអង្កេត​បឋម ប៉េអឹម​ក្រុង​ខេមរភូមិន្ទ ដែល​បាន​ចូលរួម​ការស៊ើបអង្កេត អះអាងថា សាក្សី​ជាង ១០ នាក់ ដែល​បាន​ជួប​សម្ភាសន៍ អះអាងថា កូនស្រី​របស់​ស្ត្រី​រងគ្រោះ​នោះ អាច​មិនមែនជា​ឃាតករ ដូច​ការអះអាង​របស់​ប៉ូលិស​នោះទេ​។​
​ការស៊ើបអង្កេត​របស់​ប៉េអឹម លើ​ឃាតកម្ម​ស្ត្រី​វ័យ ៥៣ ឆ្នាំ ម៉េង សៃ ប្លន់​យក​ខ្សែក និង​ខ្សែដៃ ២ ដំឡឹង​នោះ ត្រូវបាន​ធ្វើឡើង ដើម្បី​ស្វែងរក​យុត្តិធម៌ ការពិត និង​មួយវិញទៀត សំណុំរឿង​ឃាតកម្ម ដែល​ប៉ូលិស​ខេត្តកោះកុង អះអាងថា កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ ជា​ឃាតក​នោះ គឺ​មហាជន​មិន​អស់ចិត្ត​ឡើយ​។​
​មន្ត្រី​ប៉េអឹម​ម្នាក់ ដែល​បាន​ចូលរួម​ការស៊ើបអង្កេត បាន​ឲ្យ​ដឹងថា សាក្សី​ជាង ១០ នាក់ ដែល​នៅ​ជិត​តូប​លក់ដូរ​របស់​កូនស្រី និង​នៅ​ជិត​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ បាន​អះអាងថា អាច​មិនមែនជា​កូនស្រី​បង្កើត ជា​អ្នក​កាប់សម្លាប់​ម្តាយ​ខ្លួនឯង ដើម្បី​ប្លន់​យក​ខ្សែក និង​ខ្សែដៃ​ផ្លា​ទីន ទម្ងន់ ២ ដំឡឹង​នោះទេ​។ សាក្សី សំអាងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ មាន​សាក្សី​នៅ​ជុំវិញ​តូប​របស់​ស្ត្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ីម ជា​កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ គឺ​នៅ​ព្រឹក​នោះ ស្ត្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ីម នៅ​ផ្សារ​លក់ដូរ រហូតដល់​កូនស្រី​របស់​ណៃ​ស៊ីម រត់​ទៅប្រាប់ ទើប​នាង​ចាក​ចេញពី​តូប​ទៅផ្ទះ​។ រីឯ​សាក្សី​សំខាន់​ម្នាក់ទៀត អះអាងថា នៅ​ម៉ោង​ប្រមាណ ៨ ព្រឹក ស្ត្រី​រងគ្រោះ បាន​ទៅ​ទិញ​របរ​របស់ខ្លួន​នៅឡើយ ដូច្នេះ​ហេតុការណ៍ កាប់សម្លាប់​ស្ត្រី​រងគ្រោះ អាច​កើតឡើង​នៅ​ម៉ោងជាង ៨ ឬ​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៨​ឧសភា ហើយ​ការ​ផ្អើល​ឆោ​រ​ឡោ កើតឡើង​ម៉ោងជាង ១០ ព្រឹក​នោះ​។​
​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​៦​មិថុនា​នេះ ការស៊ើបអង្កេត​របស់​ប៉េអឹម នៅ​មិនទាន់​បិទ​បញ្ចប់​ទេ​។ តែ​មន្ត្រី​ប៉េអឹម បាន​អះអាងថា របាយការណ៍​ស៊ើបអង្កេត​របស់​ប៉េអឹម នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​បង្ហាញ​ការពិត ខណៈដែល​មតិ​ភាគច្រើន នៅមាន​ចម្ងល់​ជុំវិញ​ឃាតកម្ម ដែល​ប៉ូលិស អះអាងថា កូនស្រី ជា​ឃាតក សម្លាប់​ម្តាយបង្កើត ដើម្បី​ប្លន់​យក​ខ្សែក និង​ខ្សែដៃ ផ្លា​ទីន ចំនួន ២ ដំឡឹង​។​
​សូម រម្លឹកថា ប៉ូលិស​ខេត្តកោះកុង និង​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ស្រី្ត ប៉ាន់ ណៃ​ស៊ីម ជា​កូនបង្កើត​របស់​ស្ត្រី​រងគ្រោះ ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់ រួច​ប្លន់ ដែល​បាន​កើតឡើង កាលពី​ថ្ងៃទី​២៨ ខែឧសភា កន្លងទៅ នៅផ្ទះ​ស្ត្រី​រងគ្រោះ ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង គឺ​ប៉ូលិស​សំអាង​តែ​លើស​ម្តី​របស់​ស្ត្រី​ជា​អ្នកជិតខាង ឈ្មោះ​ជា​មុំ ឆ្លើយ​ដាក់បន្ទុក ខណៈដែល​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ និង​កូនស្រី​នោះ បាន​បដិសេធ​ការចោទប្រកាន់​។​
​បន្ទាប់ពី​សាកសួរ​លើ​ស្ត្រី​ជាប់ចោទ នៅ​ថ្ងៃទី​១​មិថុនា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកោះកុង បានសម្រេច​ធើ្វ​ការចោទប្រកាន់​ស្រី្ត​ឈ្មោះ ជា មុំ អាយុ ៤៥ ឆ្នាំ ( អ្នកជិតខាង ) ពីបទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​ទី​២៩ និង​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ រីឯ​ស្រី្ត​ជា​កូនបង្កើត​ឈ្មោះ ប៉ាន់ ណៃ​ស៊ីម អាយុ ៣១​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​បុរស​ជា​សង្សារ​របស់​ស្ត្រី​ជាប់ចោទ ប៉ាន់ ណៃ​ស៊ីម ឈ្មោះ កុសល អេង​អភិវឌ្ឍន៍ ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​
​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ មិន​យល់ថា ស្ត្រី​ជា​កូនបង្កើត ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​រប​ស់​ប៉ូលិស និង​ចៅក្រម ក្នុង​រឿង​សម្លាប់​ម្តាយបង្កើត​នោះទេ​។​
​លោក ប៉ាន់ សុភ័ក្ត្រ កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ម៉េង សៃ បាន​អះអាងថា មាន​សាក្សី​ជា​អ្នកលក់ដូរ​នៅ​ផ្សារ យ៉ាងហោចណាស់ ៥ នាក់ បាន​អះអាងថា ពួកគេ​បានឃើញ​ស្ត្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ីម ដែល​ជាប់​ចោទថា ជា​អ្នក​សម្លាប់​ម្តាយបង្កើត នៅ​លក់ដូរ​នៅ​ផ្សារ តាំងពី​ម៉ោង ៦ ព្រឹក រហូត​ដល់ពេល​ផ្អើលឆោឡោ នៅ​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃកើតហេតុ​នោះ​។​
​ម្យ៉ាងវិញទៀត លោក ប៉ាន់ សុភ័ក្ត្រ បាន​បញ្ជាក់ថា រូបគេ មិន​ជឿថា បងស្រី​ខ្លួន ( ប៉ាន់ ណៃ​ស៊ីម ) ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ព្រោះ​របស់របរ​មាសប្រាក់ និង​កេរ្តិ៍​អាករ​របស់​ម្តាយ គឺ​ត្រូវប្រគល់​ឲ្យ​កូនស្រី​នោះ ( ណៃ​ស៊ីម ) ដោយសារ​សព្វថ្ងៃ ម្តាយ និង​កូន រស់នៅ​ជាមួយគ្នា​។ ដូច្នេះ គ្មាន​ហេតុផល​អ្វីដែល​កូនស្រី សម្លាប់​ម្តាយ ដើម្បី​យក​ខ្សែ​កខ្ស​ដៃ ២ ដំឡឹង ដូច​ការអះអាង​របស់​ស្ត្រី​អ្នកជិតខាង ឈ្មោះ ជា មុំ នោះទេ​។​
​លោក ប៉ាន់ សុភ័ក្ត្រ ក៏បាន​កត់សម្គាល់​នូវ​ចម្លើយ​របស់​ស្ត្រី​ជាប់ចោទ ជា មុំ ដែល​បាន​ប្រាប់​ប៉ូលិស​ថា ខ្សែក និង​ខ្សែដៃ ដែល​ប្លន់​បាន​ពី​ស្ត្រី​រងគ្រោះ ត្រូវបាន ណៃ​ស៊ីម ចែក​ឲ្យ​ខ្លួន​ខ្លះ​។ ប៉ុន្តែ​នៅពេល​ប៉ូលិស ទៅ​ដកហូត គឺ​ខ្សែក ១ ដំឡឹង និង​ខ្សែដៃ ១ ដំឡឹង ដែលជា​របស់​ស្ត្រី​រងគ្រោះ បែរជា​ត្រូវ​ស្ត្រី​អ្នកជិតខាង ឈ្មោះ ជា មុំ លាក់ទុក​នៅក្នុង​ចាន​អង្ករ​របស់ខ្លួន​ទាំងអស់​ទៅវិញ​។​
​ម្យ៉ាងវិញទៀត ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ តាមរយៈ​មេធាវី ក៏បាន​ស្នើសុំ​ទៅកាន់​តុលាការ ដើម្បី​យកមក​វិញ​នូវ​គ្រឿងអលង្ការ និង​លុយ​មួយចំនួនធំ ដែល​ប៉ូលិស​បាន​រឹបអូស ព្រោះថា គ្រឿងអលង្ការ និង​លុយ​ទាំងនោះ មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នោះទេ តែ​ត្រូវ​ប៉ូលិស​រឹបអូស ហើយ​តុលាការ មិន​ប្រគល់​ឲ្យ​គ្រួសារ​ជនរងគ្រោះ​វិញ​ទេ រហូតដល់​ថ្ងៃទី​៦​មិថុនា​នេះ​។​
​ដូច្នេះ ក្នុង​សំណុំ​រឿងក្តី​នេះ ចៅក្រម​តុលាការ​ខេត្តកោះកុង គួរតែ​បើក​ការស៊ើបអង្កេត ស្វែងរក​ការពិត ដើម្បី​កុំ​ឲ្យ​គ្រួសារ​ស្ត្រី​រងគ្រោះ ត្រូវ​ទទួលរង​អយុត្តិធម៌​។ ពោលគឺ ម្តាយ​ត្រូវគេ​សម្លាប់​ហើយ បែរជា​ចាប់​កូនស្រី ដាក់គុក ចោទថា ជា​ឃាតក សម្លាប់​ម្តាយ​ខ្លួនឯង​ទៅទៀត​៕

1-600x5731-320x305

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya