ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹករូបនេះ បានបន្តថា ក្នុងរយៈពេល ដែលប្រទេសកម្ពុជា រងនូវឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាបក៏ដោយ ធ្វើឲ្យតំបន់ខ្លះ ជួបនូវភាពរាំងស្ងួតនោះ ក្រសួងធនធានទឹកដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឲ្យមន្ត្រីជំនាញ និងមន្ទីរធនធានទឹកតាមបណ្តាខេត្ត ចេញជួយអន្តរាគមន៍ បូមទឹកដាក់ស្រែជូន
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងនោះ ហើយដោយសារការ ជួយអន្តរាគមន៍យ៉ាងដូច្នេះ វាមិនបានធ្វើឲ្យមានការប៉ះពាល់ ដល់ការបង្កបង្កើនផល របស់ពួកគាត់ នៅរដូវវស្សានេះធ្ងន់ធ្ងរនោះទេ ដូចជា នៅខេត្តកំពត ស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។
ក្រុមមន្ត្រីមន្ទីរ កសិកម្មខេត្ត បានឲ្យដឹងថា ស្រុកចំនួន៧ ក្នុងខេត្តចំនួនបី កំពុងរងគ្រោះ ដោយសារភាពរាំងស្ងួត ក្នុងរដូវវស្សា ដែលស្រុកទាំងនោះ ស្ថិតនៅក្នុងខេត្តកំពត កំពង់ស្ពឺ និងស្វាយរៀង។
យ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី លឹម គានហោ បានចេញជួយអន្តរាគមន៍ ទាន់ពេលវេលា តាមរយៈមន្ទីរធនធានទឹក របស់ខ្លួន នៅតាមបណ្តា រាជធានី និងខេត្តទាំងនោះ បើទោះបីតំបន់ខ្លះ មិនជួយបាន ១០០ភាគរយក្តី ។
ទាក់ទងនឹងបញ្ហាទាំងអស់នេះ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹង នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះថាដោយសារតែស្ថានភាព ប្រព័ន្ធសម្ពាធទាប នៅប្រទេសចិនភាពខាងត្បូង នៅទ្រឹង ប្រទេសកម្ពុជាខ្សត់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ប៉ុន្តែភ្លាមៗ
នោះ ក្រសួងធនធានទឹក បានចេញសេចក្តី ជូនដំណឹងជាបន្ទាន់ចំនួន២ដង ដោយធ្វើការអំពាវនាវ ឲ្យបងប្អូន និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាខេត្ត ត្រូវនាំគ្នា រក្សាទុកទឹក ដើម្បីជួយស្រោចស្រព ដំណាំស្រូវរបស់ខ្លួន កាលណាមានការជួបប្រទះនូវការខ្វះខាតទឹក ។
យ៉ាងនេះក្តី លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៣ កន្លងមកនេះ ភ្លៀងចាប់ផ្តើមធ្លាក់ ជាបណ្តើរៗ បើទោះបីជាមិនធ្លាក់ គ្រប់តំបន់ និងគ្រប់ទីកន្លែងក៏ដោយនោះ ៕ដោយ៖ សហការី
» ព័ត៌មានជាតិ » ខេត្តបីមានភាពរាំងស្ងួតក្នុងរដូវវស្សា តែក្រសួងធនធានទឹក ជួយអន្តរាគមន៍ទាន់ពេល