បន្ទាប់ពីការជួបប្រជុំគ្នារវាងថៅកែរោងចក្រ SL តំណាងកម្មករ និង អភិបាលរាជធានីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ សីហា សំណើចំនួនពីរក្នុងចំណោមសំណើទាំង៤ ដែលកម្មករស្នើសុំអន្តរគមន៍ពីអភិបាលរាជធានី ត្រូវបាន លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សន្និដ្ឋានថាទទួលបានជោគជ័យហើយ។
សំណើ២ក្នុងចំណោមសំណើទាំង៤ដែលកម្មកររោងចក្រSL ស្នើសុំដំណោះស្រាយពីសាលារាជធានី ត្រួវបានដោះស្រាយរួចរាល់ហើយបន្ទាប់ពីការជួបប្រជុំគ្នារវាងថៅកែ រោងចក្រ SL តំណាងកម្មករ និង អភិបាលរាជធានីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ សីហា។
គួររម្លឹកថា កន្លងមករោងចក្របានយល់ព្រមម្ដងរួចមកហើយ ក្នុងការផ្ដល់ប្រាក់អាហារចំនួន ៣០០០ រៀលក្នុង ១ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមុននេះបន្តិច លោក អ៊ួច នឿន អគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានអោយដឹងថា ក្រុមកម្មកររោងចក្រ SL ប្រមាណ ៤០០០ នាក់ បែងចែកជាក្រុម នៅតែបន្តកូដកម្មនៅមុខរោងចក្រ SL ដដែល។
គួររម្លឹកថា ក្រុមកម្មកររោងចក្រ SL បានធ្វើកូដកម្មជាង ១០ ថ្ងៃមកហើយ។ កូដកម្មរបស់កម្មករនៅរោងចក្រ SL ក្នុងខណ្ឌមានជ័យ បានកើតឡើង ក្រោយពីអ្នកមានអំណាចម្នាក់ដែលកម្មករអះអាងថា ជាមន្ត្រីមានងារជាឧកញ៉ា បានចូលទៅឈរជើងនៅក្នុងក្រុមហ៊ុន ហើយបានគាបសង្កត់គំរាមកំហែងទៅលើកម្មករ។
លោក អាត់ ធន់ បានប្រាប់ឲ្យដឹងថា សំណើទាំងពីរដែលសំរេចបានគឺ ទី១ តំណាងរោងចក្រលោក មាស សុខា សំរេចចិត្តលាលែងពីដំណែង និង ដកកលាំងប្រដាប់អាវុធទាំងអស់ចេញពីបរិវេណរោងចក្រ ហើយទី២ តុលាការបានប្រកាសដីកាឲ្យកម្មករចូលធ្វើការវិញក្នុងរយៈពេល ៤៨ ម៉ោង មានន័យថា សេចក្ដីសំរេចរបស់រោងចក្រដែល
បានបញ្ឈប់កម្មករកន្លងមកត្រូវបាន លប់ចោល។
លោក អាត់ ធន់ បន្តថា សំណើពីរទៀតដែលត្រូវបន្តការចរចាជាមួយរោងចក្រគឺ ការទាមទារឲ្យគិតប្រាក់ប្រចាំថ្ងៃ និងប្រាក់រង្វាន់ដល់កម្មករនៅក្នុងអំឡុងពេលកម្មករធ្វើកូដកម្ម ហើយមួយទៀតរោងចក្រត្រូវផ្តល់ប្រាក់អាហារ៣ដុល្លារ ក្នុងមួយថ្ងៃ ដល់កម្មករ។ លោក អាត់ ធន់ បញ្ជាក់ថា ការទាមទារឲ្យមានការផ្ដល់ប្រាក់អាហារ៣ដុល្លារ ក្នុង
មួយថ្ងៃដល់កម្មករ មិនមែនជាការកំណត់ដាច់ខាតនោះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កម្មករតម្រូវឲ្យមានការពិភាក្សាមួយសមស្របទៅលើបញ្ហានេះ៕
ដោយ៖ សហការី