ភ្នំពេញ៖ រាជធានីភ្នំពេញ លែងជួបបញ្ហាកង្វះ ខាតថាមពលអគ្គិសនី ឬការកាត់ផ្តាច់ចរន្តដោយអន្លើទៀតហើយ ចាប់ពីថ្ងៃទី១៧ ខែមិថុនានេះតទៅ បន្ទាប់ពីកន្លែងផលិតថាមពលអគ្គិសនីជាច្រើនកន្លែង ត្រូវបានដាក់ឲ្យដំណើរកា រ។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់អគ្គិសនីកម្ពុជា ឬហៅជាភាសាបារាំងថា EDC។
ថ្វីត្បិតតែគម្រោងដាក់ឲ្យដំណើរការ ម៉ាស៊ីនទីមួយ ៥០មេហ្គាវ៉ាត់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលអាចមានការរអាក់រអួលខ្លះជា យថាហេតុក៏ដោយ ប៉ុន្តែអគ្គិសនីកម្ពុជាមានជំនឿថា ចាប់ពីឥឡូវនេះ តទៅវាជាការចេញដំណើរឆ្ពោះទៅការរក្សា បានស្ថេរភាព នៃការផ្គត់ផ្គង់សម្រាប់ប្រព័ន្ធរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ដោយកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា មានកម្រិតខ្ពស់ ស្របពេលដែល គម្រោងរោងចក្រផលិតអគ្គិសនីមួយចំនួន កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ការផ្គត់ផ្គង់អគ្គិសនី នៅក្នុងតំបន់រាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងកំពង់ស្ពឺ ជួបប្រទះការខ្វះខាតចរន្តអគ្គិសនីរហូតដល់ប៉ុន្មានខែ មុននេះ ការកាត់ចរន្តអគ្គិសនី ដល់ជិត ៨០មេហ្គាវ៉ាត់ ក្នុងម៉ោងបន្ទុកប្រើប្រាស់អតិបរមា។
ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា កន្លែងផលិតថាមពលអគ្គិសនីជាច្រើនកន្លែងនៅកម្ពុជា ត្រូវ បានដាក់ឲ្យដំណើរការ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ កន្លែងផលិតថាមពលអគ្គិសនី ដែលដាក់ឲ្យដំណើរ ការនេះ រួមមាន៖
១- ការវិនិយោគនៅអនុស្ថានីយតង់ស្យុងខ្ពស់២៣០គីឡូវ៉ុលថ្មី នៅឧត្តុង្គ និងខ្សែបញ្ជូនរងនៅទីនោះ បានអនុញ្ញាត ឲ្យអគ្គិសនីកម្ពុជា មានលទ្ធភាពថ្មីក្នុងការស្រូបយកថាមពលពីប្រភពរួម របស់បណ្តាញជាតិ មកផ្គត់ផ្គង់នៅតំបន់ ចាប់ពីឧត្តុង្គទៅខេត្តកំពង់ចាម ក៏បានផ្តល់លទ្ធភាពបន្ថែមក្នុងការផ្គត់ផ្គង់អគ្គិសនី ទៅខេត្តកំពង់ចាម និងកំពង់ធំផង ដែរ។
ទី២- ការរៀបចំដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ ដែលមានអនុភាព ៥០មេ ហ្គាវ៉ាត់ នៃអនុភាពគម្រោងសរុប១០០ មេហ្គាវ៉ាត់ នៅសប្តាហ៍នេះ ក៏បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា អាចផ្គត់ផ្គង់ បន្ថែមឲ្យប្រព័ន្ធរាជធានីភ្នំពេញ ធ្វើឲ្យការកាត់ចរន្តអគ្គិសនីធំដុំដូចបានជួបប្រទះកន្លងមកនឹងពុំមានទៀតទេ។
ទោះបីជាយ៉ាងនេះក្តី EDC តាមរយៈលិខិតជូនដំណឹងរបស់ខ្លួន ក៏បានសម្តែងនូវការសូមអភ័យទោស ចំពោះការ រ អាក់រអួលចរន្តផ្គត់ផ្គង់ថាមពលអគ្គិសនីនាពេលកន្លងមក ហើយ EDC បានថ្លែងអំណរគុណចំពោះអតិថិជន ធំៗផងដែរ៕