ពោធិ៍សាត់:៖ ទីតាំងស្ដុកឈើមួយកន្លែងដែលស្ថិតនៅលើផ្លូវដីសចូលទៅភូមិតាដែសបំបែកចេញពីផ្លូវលេខ១៥៥ចម្ងាយប្រហែល១០០ម៉ែត្រត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយប៉ូលិសស្រុកភ្នំក្រវាញ បម្រុងនឹងក្របួចហើយ ស្រាប់តែមេ ទូរសព្ទ័បញ្ជាឲ្យដកកម្លាំងជាបន្ទាន់ ព្រោះឈើនោះ ជារបស់ក្រុមហ៊ុនMDS ។
ប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០១៣ មានកម្លាំងជាច្រើននាក់ដែលក្នុងនោះ មានរដ្ឋបាលព្រៃឈើ និងប៉ូលិសស្រុកភ្នំក្រវាញ បានចុះទៅបង្ក្រាបបទល្មើសឈើប្រភេទធ្នង់មួយកន្លែងដូចមានខាងលើ។ ការដឹកនាំកម្លាំងនោះគឺមានលោកផេង វាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង ព្រមទាំងមន្ត្រីក្រោមឱវាត រួមនិង កម្លាំងប៉ូលិសស្រុកជាច្រើននាក់ផងដែរ។
ប្រភពបានបន្តថា នៅពេលដែលពួកគេទៅដល់ឃើញគេកំពុងលើកឈើដាក់លើឡាននិងមាននៅសល់ខ្លះទៀតមិនទាន់លើក ក៍ស្រាប់តែពួកគេបាននាំគ្នាដកថយភ្លាម ក្នុងពេលនោះដែរក៍មានប្រជាពលរដ្ឋជាច្រើននាក់កំពុងឈរមើល មានការងឺងឆ្ងល់យ៉ាងខ្លាំង ចំពោះកម្លាំងរបស់រដ្ឋបាលព្រៃឈើ ព្រោះអីពួកទាំងមិនធ្លាប់ដើរចេញនៅពេលឃើញបទល្មើសជាក់នៅនឹងមុខឲ្យរួចខ្លួននោះទេ សូម្បីតែម៉ូតូដឹកបន្តិចបន្តួចក៍មិនលើកលែងផង។ ចុះហេតុ អ្វីថ្ងៃនេះជួបរថយន្តដឹកឈើយ៉ាងធំសំបើមបែរជាថយក្រោយដូចក្ដាន់ជួបខ្លាអីចឹង។
លោក ផេង វ៉ាន់នីនាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបានឲ្យដឹងតាមទទូរស័ព្ទនៅល្ងាច ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣ វេលាម៉ោង៤និង១៦នាទីថា ខ្ញុំបាននាំកម្លាំងជាច្រើននាក់មានទាំងប៉ូលិសស្រុកផងដែរ បានទៅកន្លែងស្តុកឈើនោះមែន។ ប៉ុន្តែមិនទាន់បានទៅដល់កន្លែងនោះផងមេខលទូរស័ព្ទឲ្យដកថយជាបន្ទាន់ព្រោះឈើនោះជារបស់ក្រុមហ៊ុនMDS ។ ភ្នំក្រវាញ