បន្ទាយមានជ័យ៖ សពពលករខ្មែរម្នាក់ដែលត្រូវរថយន្តបុកស្លាប់ នៅទីក្រុងបាងកកប្រទេសថៃពេលចេញពីធ្វើការដើរទៅទិញ បាយហូបត្រូវបានកុងស៊ុលកម្ពុជា និងអាជ្ញាធរ ថៃ ធ្វើការបញ្ជូន មកកម្ពុជាវិញកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ តាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនសាច់ ញាតិយកទៅ
ធ្វើបុណ្យ នៅស្រុកកំណើត។
នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រក អន្តរជាតិប៉ោយប៉ែតលោក ធិប យ៉ាឌី បានឲ្យដឹង ថា ជនរងគ្រោះមាន ឈ្មោះ ស៊ិន រ៉េត ភេទប្រុស អាយុ៤០ឆ្នាំមានស្រុកកំណើតនៅ ភូមិសំរិត ឃុំ ឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកនាយរងបន្តថា យោងតាមរបាយការណ៍អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថាជនរងគ្រោះ ស៊ិន រ៉េត បានស្លាប់នៅមន្ទីរពេទ្យឡាកាបាំង ទីក្រុងបាងកកបន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍រថយន្តទេសចរណ៍បុកត្រង់ផ្លូវបំបែកជា៤កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៣ ខណៈជនរងគ្រោះដើរ ទៅទិញបាយហូប
ក្រោយសម្រាកពីការងាររោងចក្រ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាផ្ទះរបស់ប្រពន្ធជនរងគ្រោះ។
ចំណែកឯបុរសខ្មែរ ៤ នាក់ បានបាត់ខ្លួន ខណៈឆ្លងព្រំដែនចូលកាប់ឈើគ្រញូងក្នុងដីថៃ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ តាមច្រករបៀងចំបក់កោង ស្ថិតនៅភូមិ-ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ រហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ មិនទាន់ត្រឡប់មកកន្លែងស្នាក់នៅវិញនៅឡើយទេ ដោយគេសង្ស័យថា ទាហានថៃ បានចាប់។
ប្រភពពីមនុស្សនៅក្នុងក្រុមរួមដំណើរចូលកាប់ឈើ គ្រញូងក្នុងដីថៃ តាមច្រកខាងលើ បានអោយដឹងថា បុរស ៤ នាក់នោះ មិនមាននរណាបានស្គាល់ឈ្មោះនោះទេ គឺមកពីបណ្ដាខេត្តឆ្ងាយ ហើយបានមកស្នាក់នៅបណ្ដោះអាសន្ននៅភូមិអូរស្វាយ ដើម្បីរកការងារធ្វើ ជាពិសេសបានរួមដំណើរក្នុងក្រុមមនុស្សប្រមាណជាង ៥០ នាក់ ឆ្លងព្រំដែន
ចូលកាប់ឈើគ្រញូងក្នុងព្រៃដីថៃ ហើយត្រូវបានទាហានថៃព័ទ្ធចាប់ ខណៈបុរសទាំង ៤ នាក់ កំពុងកាប់ និងចាំងឈើគ្រញូងត្រៀម និងយកមកព្រំដែនក្នុងដីកម្ពុជាវិញ។
ចំណែកមនុស្សជាច្រើននាក់ទៀត ក៏បានទំលាក់ចោលឈើគ្រញូង និងសម្ភារៈជាប់នឹងខ្លួន រួចបានវិលត្រឡប់មកតាមច្រកខាងលើក្នុងដីកម្ពុជាវិញហើយ។
ប្រភពខាងលើ ក៏បានប្រាប់អោយដឹងថា គ្រប់ក្រុមមនុស្សដែលឆ្លងព្រំដែនតាមច្រកចំបក់កោង ក្នុងភូមិអូរស្វាយនេះ ត្រូវចំណាយប្រាក់បង់ផ្លូវអោយសមត្ថកិច្ច នៅការពារព្រំដែននៅទីនោះ ចំនួន ៣ កន្លែង អស់ ១៥ ម៉ឺនរៀល ក្នុងម្នាក់ ពោលគឺប៉ូលិសការពារព្រំដែនចំនួន ៥០.០០០ រៀល ទាហានអភិវឌ្ឍន៍ ៥០.០០០ រៀល និងទាហានសឹករងស្រុក
ត្រពាំងប្រាសាទ (លើភ្នំ) ៥០.០០០ រៀល ហើយការយកប្រាក់នេះ នៅពេលពលរដ្ឋបានយកឈើមកលក់អោយឈ្មួញហើយ ទើបស្ថាប័នខាងលើ ដើរប្រមូលលុយពីអ្នកកាប់ឈើនោះជាក្រោយ។
សកម្មភាពនិងទង្វើរបស់សមត្ថកិច្ចការពារព្រំដែនបែបនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋរងការបាត់បង់ជីវិតជាបន្តបន្ទាប់ដោយទាហានថៃ បាញ់សម្លាប់គ្រាដែលសមត្ថកិច្ចខ្មែរមិនបានទប់ស្កាត់តាមការណែនាំនិងបទបញ្ជារបស់រាជរដ្ឋាភិបាលនោះ៕ ដោយ៖ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ពលករខ្មែរម្នាក់ត្រូវឡានបុកស្លាប់នៅក្រុងបាងកកខណៈ៤នាក់ទៀតសង្ស័យទាហានថៃចាប់ខ្លួន