ភ្នំពេញ៖ យុវជនគិតខ្លីលេបថ្នាំសម្លាប់ខ្លួនម្នាក់មានឈ្មោះ លាង គឹមហេង អាយុ២១ឆ្នាំជានិស្សិតផ្នែកឌីសាញ ឆ្នាំទី៤ សាកលវិទ្យាល័យស៊ីតិច ស្នាក់នៅជាមួយម្តាយមីងនៅខាងក្រោយផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកបានផឹកថ្នាំសម្លាប់ខ្លួនរួចសរសេរបណ្តាំទុកផ្តាំផ្ញើរបស់របរគេនៅសល់ត្រូវទុកឲ្យអ្នកណាខ្លះ ហើយយកសពគេទៅធ្វើបុណ្យនៅផ្ទះប៉ារបស់គេ ។
ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី ២៧ ខែសីហានៅផ្ទះខាងក្រោយផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក គ្រាដែលរ៉ឺម៉កម៉ូតូមួយគ្រឿងបានដឹកយុវជនវ័យក្មេងម្នាក់ ក្នុងស្ថានភាពដេកសន្លប់ស្តូកស្តឹង ដោយប្រាប់ថាដឹកមកពីខាងក្រោយផ្សារហេងលី យកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ព្រះកុសុមៈ ។
បើតាមសម្តីរបស់ម្តាយមីងយុវជនខាងលើបានឲ្យដឹងថា យុវជនរងគ្រោះ សព្វថ្ងៃស្នាក់នៅជាមួយគាត់មិនបានរស់នៅជាមួយឪពុកម្តាយរបស់គេទេ ដោយសារតែខឹងឪពុកម្តាយរបស់គេ ។ម្តាយមីងបានបង្ហើបទៀតថា នៅវេលាម៉ោង ១១ថ្ងៃត្រង់ គាត់ទៅផ្សារស៊ិនជូរីហើយបានទូរស័ព្ទទាក់ទងជាមួយធម្មតា ។ រហូតដល់ម៉ោង ១២ថ្ងៃត្រង់
ត្រឡប់មកដល់ផ្ទះវិញ ទ្វារអត់ចាក់គន្លឹះពីខាងក្នុង គាត់បានរុញទ្វារចូលស្រាប់តែឃើញក្មួយប្រុសដេកសន្លប់ស្តូកស្តឹងទៅហើយនិងឃើញនៅជិតខ្លួនមានថ្នាំសម្លាប់សត្វល្អិត និងមានលិខិតបណ្តាំមួយសន្លឹកភ្លាមៗនោះគាត់បានស្រែកហៅអ្នកជិតខាងឲ្យមកជួយ និងលើកជនរងគ្រោះដាក់លើរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
លោកសង្ឃភ្លាមៗ នៅក្នុងបណ្តាំបានសរសេរថា ” ទូរស័ព្ទអាយហ្វូន៥ របស់ខ្ញុំ ទុកឲ្យជេឃីសម្រាប់សងប្រាក់, កុំព្យូរទ័រទុកឲ្យភក្តី, លុយមានប៉ុន្មាននៅជាប់ខ្លួនខ្ញុំទុកដាក់ទាន, ម៉ូតូទុកឲ្យម៉ាក់ខ្ញុំ, សុំទោសម៉ាក់យាយចៅសូមសងគុណ ម៉ាក់យាយជាតិក្រោយទៅចុះកូនស្រឡាញ់ម៉ាក់យាយ, ក្រោយពេលខ្ញុំស្លាប់សូមយកខ្ញុំធ្វើបុណ្យនៅផ្ទះប៉ារបស់ខ្ញុំ,
តុក្កតានេះទុកឲ្យអ្នកដែលខ្ញុំស្រឡាញ់, សូមទោសម៉ាកយាយដែលខ្ញុំស្រឡាញ់ខំចិញ្ចឹមថែរក្សាខ្ញុំផ្គត់ផ្គង់គ្រប់គ្រងចាំជាតិក្រោយចៅសងគុណម៉ាក់យាយវិញ ….” ។
ចំពោះការផឹកថ្នាំសម្លាប់ខ្លួននេះ ក្រុមគ្រួសារព្យាយាមលាក់លៀមមិនប្រាប់ពីមូលហេតុដែលធ្វើឲ្យយុវជនម្នាក់នេះ ដាច់ចិត្តសម្លាប់ខ្លួនទេ ។ទោះបីជាយ៉ាងណា ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈប៉ុន្តែរយៈពេលនៃការលេបយូរម៉ោងពេក ទើបជាតិថ្នាំជ្រាបចូលពេលខ្លួនប្រាណហើយគ្រូពេទ្យខំប្រឹងលាងក្រពះជម្រះ
ជាតិពុល និងព្យួរសេរ៉ូមបណ្តេញជាតិពុលយ៉ាងណា ក៏លោកគ្រូពេទ្យបញ្ជាក់ថា មានសង្ឃឹម ៤០ភាគរយប៉ុណ្ណោះ ។
បន្ទាប់ពីព័ត៌មាននេះបានដឹងដល់មិត្តភក្តិរួមថ្នាក់ពួកគេបានមកមើលដល់មន្ទីរពេទ្យផងដែរ ដោយក្រុមមិត្តភក្តិនិយាយថា មួយរយៈចុងក្រោយនេះគេឃើញជនរងគ្រោះមានទឹកមុខស្រងូតស្រងាត់ ដោយអ្នកខ្លះថាមកពីអន់ចិត្តជាមួយឪពុកម្តាយ ឯអ្នកខ្លះទៀតថា មកពីសង្សារបែកចិត្តទើបធ្វើឲ្យរូបគេធ្វើអត្តឃាតបែបនេះ៕
ដោយ៖ ព្រហ្ម
វីលៀម