ភ្នំពេញ៖ របាយការណ៍ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥ របស់ក្រុមហ៊ុន SCG បានបង្ហាញថា ចំណូលពីការលក់នៅកម្ពុជា គឺស្មើនឹងចំនួនទឹកប្រាក់ ១៤៧ ពាន់លានរៀល (ឬ ៣៦ លានដុល្លារអាម៉េរិក) ដែលជាការកើនឡើង ២០% ធៀបនឹងឆ្នាំមុន ដែលបណ្តាលជាចម្បងមកពី ការរីកចំរើននៃកំពតស៊ីមេន ខូ អេលធីឌី និងក្រុមហ៊ុន SCG Logistics ។
របាយការណ៍ដែលទើបចេញកាលពីពេលថ្មីៗនេះ ឱ្យដឹង អំពីការវិវដ្តចុងក្រោយនៃការសាងសង់ខ្សែ សង្វាក់ទីពីរសម្រាប់ការផលិតស៊ីម៉ង់ត៍កំពត ដែលប្រើប្រាស់ថវិកាវិនិយោគ ៦៧៩ ពាន់លានរៀល (ឬ ១៦៨ លានដុល្លារអាម៉េរិក) វិញ ការសាងសង់ត្រូវរៀបនឹងបញ្ចប់រួចរាល់អស់ហើយ ។ ប្រតិបត្តិការអាជីវកម្ម ត្រូវបានគេគ្រោងថា នឹងចាប់ផ្តើម ក្នុងខែមិថុនាឆ្នាំនេះ ។
ដោយផ្អែកលើរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៥ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអេសស៊ីជី មានទ្រព្យសកម្មសរុប ស្មើនឹងចំនួនទឹកប្រាក់ ១.០៤៩ ពាន់លានរៀល (ឬ ២៦៤ លានដុល្លារអាម៉េរិក) ដែលជាការកើនឡើង ២៦% ធៀបនឹងឆ្នាំមុន ។
លោក កាន ត្រាគូនហ៊ូន (Kan Trakulhoon) បានថ្លែងដូច្នេះថា “នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអេសស៊ីជី ផ្តោតទៅលើការជ្រៀតចូលទីផ្សារ ក៏ដូចជាការកសាងកេរ្តិ៍ឈ្មោះនៃម៉ាកយីហោរបស់ក្រុមហ៊ុន SCG ដើម្បីពង្រឹងការគាំទ្រពីសំណាក់អតិថិជននៅកម្ពុជា”។
លោក ត្រាគូនហ៊ូន បានបន្ថែមទៀតថា “ក្រុមហ៊ុន អេសស៊ីជី បន្តធ្វើប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ជាមួយនឹងគោលបំណង ដើម្បីក្លាយជាក្រុមហ៊ុន ប្រកបដោយនិរន្តរភាព ឈានមុនគេ នៅក្នុងតំបន់អាស៊ាន ។ ផែនការពង្រីកការវិនិយោគ របស់យើងនៅតែបន្ត យ៉ាងរលូន ហើយយើងនឹងបន្ត នាំចេញផលិតផល របស់យើង ទៅក្នុងទីផ្សារក្នុងតំបន់អាស៊ាន ព្រោះយើងរំពឹងទុកថានឹង មានកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់នេះ ។ យើងជឿជាក់ថា សេដ្ឋកិច្ចជារួមរបស់តំបន់អាស៊ាន នឹងបន្តកើនឡើង ហើយនេះជាបរិយាកាស ដែលអំណោយផលដ៏ពន់ពេក ។ ដូច្នេះ ការវិនិយោគរបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុងតំបន់អាស៊ាននឹងបន្តកើនឡើង ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥ នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលបានមកពីការនាំចេញ ទៅកាន់ទីផ្សារអាស៊ានផ្សេង គឺស្មើនឹងទឹកប្រាក់ ១.៦៩៦ ពាន់លានរៀល (ឬ ៤២១ លានដុល្លារអាម៉េរិក) ដែលជាការកើនឡើង ២% ធៀបនឹងឆ្នាំមុន ទោះបីជាផលិតផល សារធាតុគីមី មានតម្លៃធ្លាក់ចុះក្តី។”
លើសពីនេះទៀត ក្រុមហ៊ុន អេសស៊ីជី បន្តផ្តោតលើការ លើកកម្ពស់ការ អភិវឌ្ឍផលិតផល និងសេវាដែលមាន គុណតម្លៃខ្ពស់ (HVA) ដើម្បីឆ្លើយតបនឹងសេចក្ដី ត្រូវការរបស់អតិថិជន ក៏ដូចជាចូលរួមចំណែក កែលម្អគុណភាព នៃការរស់នៅ ។ ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន អេសស៊ីជី បានបម្រុងទឹកប្រាក់វិនិយោគ សរុបចំនួន ៥៩៣ ពាន់លានរៀល (ឬ ១៤៧ លានដុល្លារអាម៉េរិក) សម្រាប់កិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីជំរុញការស្វែងរកគំនិតច្នៃបង្កើតថ្មី ដែលនឹងបង្កើនគុណភាព រស់នៅ សម្រាប់អតិថិជន នៅក្នុងតំបន់អាស៊ានទាំងមូល ។
ក្រុមហ៊ុន អេសស៊ីជី ក៏បានចាប់ដៃគូសហការ ជាមួយសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស ដើម្បីកសាងមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) មួយ សំដៅសម្រេចបាននូវការ គ្រប់គ្រងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រឹងបុគ្គលិក និងបរិក្ខារស្រាវជ្រាវផងដែរ ។ បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេសស៊ីជី ក៏បានសហការជាមួយ សាកលវិទ្យាល័យ California នៃរដ្ឋ Berkeley សហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យា បោះពុម្ព 3D ទៀតផង៕