ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនជីគីមីម្នាក់នៃផ្នែកលក់មួយកន្លែង ត្រូវថៅកែខ្លួនប្តឹង ព្រោះបានដើរប្រមូលលុយពីអ្នកទិញ ហើយមិនព្រមប្រគល់ឲ្យទៅខាងក្រុមហ៊ុន។ ថៅកែប្តឹងឲ្យប៉ូលិស ចាប់ខ្លួនប្រគល់ឱ្យនគរបាលខណ្ឌ ដង្កោចាត់ការតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃទី២៧ សីហា ២០១៣ ។
ជនសង្ស័យរំលោភលើសេចក្តីទុកចិត្តរបស់ក្រុមហ៊ុនជីគីមីខាងលើមានឈ្មោះស៊ុយ ស៊ីណេង អាយុ៣៤ឆ្នាំ ជាអ្នកបើកបររថយន្ត និងជាបុគ្គលិកផ្នែកលក់ ស្នាក់នៅផ្ទះជួលក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមការឲ្យដឹងពីថៅកែក្រុមហ៊ុនជីគីមី ថាជនសង្ស័យខាងលើជាបុគ្គលិករបស់ក្រុមហ៊ុនផ្នែកលក់ ហើយជនសង្ស័យរូបនេះ បានដើរប្រមូលលុយពីម៉ូយដែលជំពាក់ក្រុមហ៊ុនបានចំនួន១២ម៉ឺនដុល្លារ តែមិនព្រមប្រគល់ឲ្យក្រុមហ៊ុននោះទេ បែរជាព្យាយាមគេចខ្លួនជាង១ខែទៅហើយ ។ជាសំណាងអាក្រក់នៅថ្ងៃទី២៧ សីហាខាងក្រុមហ៊ុនបានប្រទះឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យនគរបាលខណ្ឌដង្កោ ហើយប្តឹងពីបទរំលោភលើសេចក្តីទុកចិត្តថែមទៀត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយនោះមែន ដោយមិនព្រមប្រគល់ឱ្យថៅកែ ហើយរូបគេបានយកលុយនោះលេងល្បែង និងដើរស៊ីចាយអស់ហើយ ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌដង្កោកំពុងសាកសួរនិងងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ៕
សុវណ្ណ សុខា