កំពង់ស្ពឺ ៖ លោកវរសេនីយ៍ត្រី សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិថ្មី ជិតស្ពានអូរកសេះ ផ្លូវឡើងទៅឧទ្យានជាតិគិរីរម្យ បានប្រទះឃើញសពបុរសម្នាក់ដែលចង.កសម្លាប់ខ្លួននៅនឹងដើមរំដួល មួយដើមក្បែរផ្ទាំងថ្មក្នុងព្រៃឆ្ងាយពីផ្លូវកៅស៊ូ ។ ដោយសារតែឮឆ្កែពីរបីក្បាលរបស់គាត់ព្រុសឥតឈប់
ចំណុចនោះ ក៏ដើរទៅមើលក្រែងមានអណ្តើកឬពស់ ស្រាប់តែឃើញសពចង.កនោះ ក៏ត្រហេបត្រហបមករាយការណ៍បន្ទាន់ដល់សមត្ថកិច្ចឈរជើងនៅតំបន់ ឧទ្យានជាតិឱ្យទៅពិនិត្យមើល ។
ក្រោយពីពិនិត្យរួច មន្ត្រីនគរបាលបានប្រគល់សពឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានកប់នៅ ក្បែរកន្លែងកើតហេតុ រង់ចាំបងប្អូនមកសាកសួររកយកទៅធ្វើបុណ្យ ។ លោក សាយ ប៊ុនថន បានសុំឱ្យសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយដល់គ្រួសារណាដែលមាន បាត់សមាជិករបស់ខ្លួនមានភិនភាគដូចខាងលើ សូមមកសាកសួរផ្ទាល់នៅអធិការដ្ឋាន
នគរបាលស្រុកភ្នំស្រួច នឹងបានដឹងព័ត៌មានច្បាស់ ។
ក្រោយពេលពិនិត្យសព រួចក្រុមនគរបាលបច្ចេកទេសបានបញ្ជាក់ថា បុរសរូបនេះចង.កដោយវល្លិភ្ជាប់ទៅនឹងដើមរំដួលក្បែរផ្ទាំងថ្មធំ មួយកម្ពស់ពីដីប្រមាណ២,៥០ម៉ែត្រ ។ សពស្ថិតក្នុងសម្លៀកបំពាក់អាវពីរជាន់ អាវ១ពណ៌ក្រហមការ៉ូ សខ្មៅ និងឆ្នូតខៀវ និងអាវមួយទៀត ដៃវែងពណ៌ស-ខ្មៅ ស្លៀកខោខូវប៊យពណ៌ខ្មៅ គ្មានខ្សែក្រវាត់ និងពាក់ស្បែកជើងផ្ទាត់របស់ថៃពណ៌ខ្មៅ-ខៀវ ។ ភិនភាគសពគឺសម្បុរសណ្តែកបាយ មានដុះរោមទ្រូង កាត់សក់ខ្លី ទើបកោរពុកមាត់ មានកម្ពស់១,៦០ម៉ែត្រ និងមានមួកកាស្កិតមួយមានឆ្នូតក្រហម ។ សពអាចមានអាយុក្រោម៤០ឆ្នាំ ហើយនៅក្នុងខ្លួនគ្មានបន្សល់នូវអត្តសញ្ញាណអ្វីឱ្យសម្គាល់ថា ឈ្មោះអ្វីនៅស្រុកណាឡើយ ហើយក៏ពុំមានអ្នកណាស្គាល់ដែរ ៕
» ព័ត៌មានជាតិ » បុរសម្នាក់ចង.កសម្លាប់ខ្លួនលើខ្នងភ្នំគិរីរម្យ