បាត់ដំបង៖ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងពេលពួកគេកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅផ្ទះរបស់ ពួក គេកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅភូមិ ភ្នំ៧០០ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដ បាត់ដំបង។
ប្ដីប្រពន្ធ២នាក់ ព្រមទាំងថ្នាំញៀនម៉ាទឹកកក១៨ថង់និង ប្រភេទយ៉ាម៉ា៤គ្រាប់ត្រូវកម្លាំងនគរបាល ស្រុកភ្នំព្រឹកឃាត់ខ្លួនកសាងសំណុំរឿងពីបទ លក់ចែកចាយគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ នារសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៣ ដើម្បីចាត់ការបន្ដទៅសាលាដំបូងខេត្ដតាមនីតិវិធី ។
ជនសង្ស័យប្ដីប្រពន្ធបានសារភាពថា ពួកគេទើបតែលក់បាន២-៣ដងប៉ុណ្ណោះ ពេលរៀបចំលក់ឱ្យម៉ូយក៏ត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្ដង។ លោក សុង សុភ័ក្ដិ អធិការស្រុក ភ្នំព្រឹកបានបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធជា មុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមប្រមាញ់យូរខែមកហើយតែមិនបាន សម្រេច ប៉ុន្ដែក្រោយពីដាក់កម្លាំង សម្ងាត់ចូលទៅទើបអាចបំបែកសំបុកលក់ដូរគ្រឿងញៀននេះបាន។
លោក សុង សុភ័ក្ដ អធិការស្រុក ភ្នំព្រឹកបានឱ្យដឹងថា បុរសដែលសមត្ថ កិច្ចឃាត់ខ្លួនឈ្មោះ សុខ កុក អាយុ៣១ ឆ្នាំ និងស្ដ្រីឈ្មោះ លី ផល អាយុ៣០ឆ្នាំ ទាំង២នាក់ជាប្ដីប្រពន្ធនឹងគ្នាមានទីលំនៅក្នុងភូមិកើតហេតុ។ វត្ថុតាងដែលដក ហូតបានមានថ្នាំញៀនម៉ាទឹកកកចំនួន ១៦ថង់និង២ថង់តូចមធ្យម(ស្មើ១៨ថង់) និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៤គ្រាប់៕